ផ្ទុះមីនតោន សម្លាប់បុរសម្នាក់ភ្លាមៗ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីចម្ការ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
អត្ថបទដោយ៖
វុទ្ធី រតនា
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញ បុរសម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងភ្ជួរដីចម្ការ ដោយត្រាក់ទ័រជាន់ចំមីនតោន បណ្តាលឲ្យផ្ទុះ នៅភូមិតានួ ត ឃុំ ព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ជនរងគ្រោះ ឈ្មោះ ស៊ឹម ស៊ូ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ក្រោយពេល កើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និង បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានេះដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹង ច្បាស់ អំពីព័ត៌មានមុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការ បោសសម្អាតមីន និងសូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ៕
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។


