បុរស២នាក់ បានឆ្លងដែនខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចចម្រុះការពារខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ឃាត់ខ្លួន ជាមួយនិងម៉ូតូ១គ្រឿង
កម្លាំងសមត្ថកិច្ចចម្រុះដែលកំពុងតែឈរជើង ក្នុងការការពារលំហូរពលករនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាប់និងព្រំប្រទល់ប្រទេសថៃ បានធ្វើការបង្ក្រាបឃាត់ខ្លួន បុរស០២នាក់ ម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជនជាតិខ្មែរ។ពួកគេទាំង២នាក់នេះ បំរុងនាំយកម៉ូតូចេញពីប្រទេសថៃ ចូលមកដីខ្មែរ ហើយត្រូវបានជាប់អន្ទាក់របស់កងកម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការទីនោះ បង្ក្រាបបានទាន់ពេលវេលា នៅវេលាម៉ោង១៣,៥៣នាទី ថ្ងៃទី១៣ខែមេសាថ្មីៗនេះ នៅក្នុងស្រុកសំពៅ លូន ខេត្ត បាត់ដំបង ។
បើតាមប្រភព័ត៌មានបឋម ដែលទទួលបានដឹងថា៖ កម្លាំងចម្រុះដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា.ថៃ ក្នុងការទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់និងលំហូរពលករពីប្រទេសថៃ និងវិធានការដើម្បីរឹតបន្តឹងពីការឆ្លងរីករាលដាលក្នុងសហគមន៍ និងការរាតត្បាតជាសកលពីជម្ងឺកូវីដ19កន្លងមកផងនោះ។ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះអង្គភាពគ១.វរៈ១បានសហការជាមួយកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៧ និងវរៈការពារព្រំដែនគោកលេខ៥៣៣ ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបុរស២នាក់។ ដោយបទសង្ស័យជាប់ទាក់ទិន អំពើចោរកម្មឆ្លងដែនខុសច្បាប់។ ក្នុងនោះម្នាក់ជាជនជាតិថៃនិងម្នាក់ទៀតខ្មែរ ក្នុងគោលបំណង បំរុងនាំយកម៉ូតូ១គ្រឿង ម៉ាកHonda Wave១៥០ ឆ្លងដែនខុសច្បាប់មកកម្ពុជា ដែលស្ថិតនៅចំនុចកើតហេតុក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយត្រូវបានកម្លាំងសមត្ថកិច្ចឈរជើងទីនោះ ធ្វើការឃាត់ខ្លួនសួរនាំ។ ក្នុងនោះបុរសជនជាតិខ្មែរ ឈ្មោះ ញ៉េន-ថៃ ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង ជនជាតិថៃ ឈ្មោះ ជេត-ឈូម៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិខ្លងហាត ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដោយនាំយកម៉ូតូ១គ្រឿង ម៉ាក HONDA WAVE ខុសច្បាប់ចូលមកប្រទេសកម្ពុជា នៅត្រង់ចំណុចភូមិសាស្ត្គ្រគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
ជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចចម្រុះនៅទីនោះ បានប្រគល់បុរសទាំង២ខាងលើ និងម៉ូតូឲ្យទៅអធិការដ្ឋាន នគរបាល ស្រុកសំពៅលូន ដើម្បីចំណាត់ការនិងបន្តនីតិវិធីច្បាប់ ចំណែកបុរសជាជនជាតិថៃ ១នាក់ បានប្រគល់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ ។
ដោយឡែក នៅព្រឹកថ្ងៃទី១៥ ខែមេសានេះប្រភពព័ត៌មានដែលទទួលបាន ពីលោក ងាវ ប៊ុនយាង អភិបាលស្រុកសំពៅលូន បានគូសបញ្ជាក់ថា៖បុរស០២នាក់ ដែលកម្លាំងសមត្ថកិច្ចឈរជើងនៅបន្ទាត់ព្រំដែន កម្ពជា-ថៃ ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន កាលពីរសៀល ថ្ងៃទី១៣ខែមេសាថ្មីៗនេះ ត្រូវបានបញ្ជូនឲ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលអនុវវិទ្យាល័យ កូនភ្នំ៣២។ ដោយឡែក បុរសជនជាតិថៃ ត្រូវបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចថៃ យកទៅប្រទេសគេវិញ កាលពីល្ងាច ថ្ងៃទី១៤ ខែមេសា ម្សឹលម៉ិញនេះ។ចំពោះម៉ូតូដែលជាវត្ថុតាងនាំចូលខុសច្បាប់ សមត្ថកិច្ចថៃនិងរៀបចំឯកសារស្នើសុំនៅពេលក្រោយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






