ចរាចរណ៍នៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់
ចរាចរណ៍នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់។ នៅតាមគោលដៅនៃច្រកផ្លូវស្ទើរតែទាំងអស់បានបិទមិនឱ្យមានការធ្វើដំណើរនោះទេ ដោយមានកងកម្លាំងសមត្ថកិច្ចប្រចាំការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
យោងតាមសេចក្តីសម្រេច វិធានការមួយចំនួនបានដាក់ចេញក្នុងនោះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្ម លក់ដូរ ឬផ្គត់ផ្គង់ម្ហូបអាហារជាដើម.
សូមចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីកម្ពុជាជៀសផុតពីការរីករាលដាលជំងឺកូវីដ-១៩។






