រោងចក្រ សហគ្រាស និងសិប្បកម្ម ១១ប្រភេទត្រូវបាន អនុញ្ញាតឱ្យដំណើរការ ធម្មតាអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃនេះថារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន១១ ប្រភេទ ត្រូវបានអនុញ្ញាឱ្យបើកដំណើរការ ជាធម្មតា នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងការងារនៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រាប់ប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ជា បណ្តោះអាសន្ននូវភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល មានដូចជា៖

១- ផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ

២-សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម- សំណល់រឹង ជាដើម

៣- រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ

៤- សេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារ ឬទីតាំងលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស

៥- ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រង ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា

៦- សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់

៧- សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

៨- សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើ ឱ្យវិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស

៩- ការផលិតសម្ភារបរិក្ខារពេទ្យ និងថ្នាំពេទ្យ

១០- ការដ្ឋានសំណង់ដែលមានកន្លែងស្នាក់នៅជាប់ការដ្ឋានសំណង់ និង

១១- សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

ក្នុងសេចក្តីសម្រេចដដែលនេះក្រសួងការងារក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យបុគ្គលិកផ្នែកសន្តិសុខ, រដ្ឋបាល, ហិរញ្ញវត្ថុ, ផ្គត់ផ្គង់ និងដឹកជញ្ជូន នៃរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានឱ្យផ្អាកដំណើរការអាជីវកម្ម ចំនួនមិនលើសពី២៥នាក់ ក្នុងមួយរោងចក្រ សហគ្រាសមកបំពេញការងារជាធម្មតា ដើម្បីធានាសេវាអប្បបរមា និងគ្រប់គ្រងសន្និធិទំនិញ និងផលិតផល របស់ខ្លួន។

ក្រៅពីនេះសម្រាប់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គល គ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមានការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

(សូមមើលសេចក្តីសម្រេចខាងក្រោម)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner