ទទួលដំណឹងសោកសៅ! ដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ ទទួលមរណភាព!

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាផលិតករភាពយន្តជើងចាស់ បានទទួលមរណៈភាពហើយ នៅល្ងាចថ្ងៃនេះ ខណៈដែលគាត់កំពុងសំរាកព្យាបាលជំងឺកូវី-១៩ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នេះបើយោងតាម ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។

ឯកឧត្តម ម៉ៅ អាយុទ្ធ មានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម ត្រូវបានគេស្គាល់ថា ជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូ ចម្រៀងកាយវិការ កំណាព្យ ប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់ឯកឧត្តម និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner