សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីល្មើសនឹងវិធានការរដ្ឋបាល នៅខេត្តកណ្តាល
សេចក្តីរាយការណ៍បានអោយដឹងថាការឃាត់ខ្លួននោះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានអោយដឹងថាបុរសទាំង៣នាក់ដែលល្មើសនិងវិធានរដ្ឋបាលមានឈ្មោះ ទេព វ៉ាន់ អាយុ៤៩ឆ្នាំ, ឈ្មោះ ម៉ៅ ប៉ាក់ អាយុ៤៧ឆ្នាំ និងឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបានអោយដឹងថា បុរស៣នាក់នោះ មិនគោរពតាមការណែនាំរបស់អាជ្ញាធរ និងការផ្សព្វផ្សាយអំពីវិធានការពារ ស្តីពីការបិទខ្ទប់ក្រុងតាខ្មៅ ដោយបុរស៣នាក់នោះនៅបន្តប្រមូលផ្តុំគ្នាអង្គុយផឹកកាហ្វេនៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បើទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តងជាពីរដងរួចមកហើយក្តីមុខសញ្ញាល្មើសទាំង ៣នាក់នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវថែមទៀតផង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនជនទាំង៣នាក់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមមាត្រា១០នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៖ បទមិនគោរពវិធានការរដ្ឋបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ២លានទៅ ១០លានរៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ៣ឆ្នាំ បើបានបណ្តាលអោយមានការចម្លងជម្ងឺកូវីដ១៩ដល់អ្នកដទៃ៕