សម្តេចតេជោ ទាមទារឱ្យពិភពលោកមានអភិបាលកិច្ច គាំទ្រពហុភាគីនីយម និងច្បាប់អន្តរជាតិ ដើម្បីជម្នះបញ្ហាបង្កដោយជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ ថ្លែងសុន្ទរកថា បើកវេទិកាបូអាវសម្រាប់អាស៊ី ដែលប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នា ដើម្បីពង្រឹង អភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកបាននឹងប្រឈមបញ្ហាជាច្រើន ដែលបណ្តាលមកពីភាពតានតឹង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។

នៅចំពោះមុខមេដឹកនាំប្រទេសជាសមាជិក នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលជាវេទិកាផ្តួចផ្តើមឡើងដោយប្រទេសចិននេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ នៃវិបត្តិ ជំងឺកូវីដ១៩ និងការប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចនេះ ប្រទេសនីមួយៗគួរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន, ស្ថាបនា និងឥរិយាបថ ទទួលខុសត្រូវ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ ខ្ញុំយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង ។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់រដ្ឋាភិបាលចិនផងដែរ។ សម្តេចតេជោ បានគូសបញ្ជក់ថា ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, កាលានុវត្តភាពវិនិយោគ, ការផ្លាស់ប្ដូរវប្បធម៌ និងការតភ្ជាប់រវាង ប្រជាជននិងប្រជាជន។

សម្តេចតេជោបន្តថា ខណៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅតែជាកម្លាំងជំរុញ ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោកសម្រាប់ បុព្វហេតុសន្តិភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសុន្ទរកថាដដែលនេះ សម្តេចតេជោ ក៏បានឆ្លៀតកោតសរសើរប្រទេសចិន ក្នុងការរួមចំណែកដោះស្រាយបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ ប្រទេសជាច្រើន ដែលនេះជាសក្ខីភាពមួយយ៉ាងប្រចក្ស អំពីភាពដឹកនាំសកលរបស់ប្រទេសចិន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ថ្នាំពេទ្យ, គ្រឿងបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៣លានដូស ដល់កម្ពុជា ដែលក្នុងនោះ ចំនួន ១.៣លានដូសជាជំនួយមនុស្សធម៌ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner