ឯកឧត្តម អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបាន ដាក់ចេញនូវវិធានការ៧ចំណុចដើម្បីបង្ការនឹងធ្វើការឆ្លើយតប គ្រោះមហន្តរាយឲ្យទាន់ពេលវេលា
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងក៏មានការចូលរួមពីសំណាក់សមាជិកសមាជិកាគណៈកម្មាធិការកាកបាទក្រហមខេត្តផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការ៧ចំណុចដើម្បីបង្ការនឹងធ្វើការឆ្លើយតប គ្រោះមហន្តរាយឲ្យទាន់ពេលវេលា ដូចខាងក្រោ៖
១-បន្តពង្រឹងក្រុមឆ្លើយតបគ្រោះមហន្តរាយ នៅសាខា-អនុសាខា ក្រុមយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត ត្រៀមគ្រប់លក្ខណៈដើម្បីបង្ការនឹងធ្វើការឆ្លើយតប គ្រោះមហន្តរាយឲ្យទាន់ពេលវេលាតាមពាក្យស្លោក “កាកបាទក្រហមមានគ្រប់ទីកន្លែង មិនទុកនរណាម្នាក់ចោល” និងធ្វើការផ្សព្វផ្សាយដល់សហគមន៍ ស្តីពីសុវត្ថិភាពចរាចរណ៍ស្របតាមពាក្យស្លោក “ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”។
២-បន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងលើកកម្ពស់ការអប់រំពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺរាតត្បាតផ្សេងៗ ជាពិសេសជំងឺ កូវីដ-១៩។
៣-រៀបចំកិច្ចប្រជុំ អនុសាខាក្រុង-ស្រុក ដើម្បីបន្តធ្វើបច្ចុប្បន្នភាពពង្រឹងរចនាសម្ព័ន្ធកាកបាទក្រហមនៅមូលដ្ឋាន។
៤-រៀបចំផែនការសកម្មភាព ចុះធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះរួមមាន ជនចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើន ជនទីទាល់ក្រគ្មានសាច់ញាតិ អ្នកជំងឺរាំរ៉ៃ អ្នកផ្ទុកមេរោគអេដស៍ ដែលកំពុងមានជីវភាពខ្វះខាត ឲ្យបានទាន់ពេលវេលាតាមអនុសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ” កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹងមិនបានដោះស្រាយ”។
៥-ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងចំណូលចំណាយ និងការទូទាត់ឲ្យមានតម្លាភាព។ ជាមួយគ្នានោះ ត្រូវលើកកម្ពស់ការទុកដាក់ឯកសារ ឬលិខិតស្នាម ដូចជាការគ្រប់គ្រងបញ្ជីសារពើភណ្ឌរបស់សាខា ឲ្យបានគត់មត់ និងមានសណ្ដាប់ធ្នាប់។
៦-បន្តប្រមូល មូលនិធិ ពង្រីកបរិមាណសមាជិកភាព និងលិខិតអំពាវនាវ កៀរគរមូលនិធិទាំងសម្ភារៈនិងថវិកា ពីសប្បុរសជននានាសម្រាប់ត្រៀបបង្ការ និងជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងសហគមន៍។
៧-ពិនិត្យលទ្ធភាពរៀបចំកែសម្រួលប្រព័ន្ធកន្លែងធ្វើការ និងជួសជុលឃ្លាំងទុកដាក់សម្ភារៈអំណោយមនុស្សធម៌នានា។
ក្រោយពីបញ្ចប់កិច្ចប្រជុំឯកឧត្តម អ៊ុន ចាន់ដា ភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានអញ្ជើញពិនិត្យស្ថានភាពអាគារកាកបាទក្រហម និងលិទ្ធភាពជួសជុសទៅលើអាគារមួយចំនួនដែរចាស់ផងដែរ៕