ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង ប្តេជ្ញាបន្តអនុវត្តន៍បទបញ្ជារាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ខេត្តស្ទឹងត្រែង៖ សមាជិកអចិន្ត្រៃយ៍ គណៈកម្មការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំកិច្ចប្រជុំមួយ ស្តីពី ការរៀបចំផែនការ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យបានផុលផុសថែមទៀត ដោយអនុវត្តន៍តាមបទបញ្ជា រាជរដ្ឋាភិបាល និង តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបានប្រសិទ្ធភាពការងារ ក្នុងការផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន នៅទូទាំងខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការបង្ហាញវត្តមានពី លោក ម៉ុម សារឿន និងមានការចូលរួមពី ប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយក ព្រមទាំងក្រុមសកម្មជនយុវជន មន្ទីរ និងអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២១មេសា ម្សិលមិញ។
អនុប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឲ្យដឹងថា ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាជន ឲ្យបានយល់ច្បាស់ អំពី ភាពគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងយកវិធានការណ៍សំខាន់ៗ ចំនួន៥មកអនុវត្តន៍ ក្នុងនោះ គឹការបង្កើតក្រុមការងារផ្សព្វផ្សាយ ដែលស្រុក និងខេត្តរៀបចំសេចក្តីសម្រេចរួម, ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់ រួមជាមួយអ្នកពាក់ព័ន្ធ និងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ, ក្រុមការងារ សសយក តាមវិស័យ ត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬ ក្នុងករណីចបាច់, បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬ តាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងសសយក ថ្នាក់ក្រុង ស្រុក ត្រូវត្រៀមសមាជិកសកម្មសំខាន់ៗ ចាប់ពី៣០ទៅ៥០នាក់ បញ្ជូនមកថ្នាក់ខេត្ត ដើម្បីបញ្ជ្រៀបការយល់ដឹង ពីការទប់ស្កាត់ជំងឺCovid-19នេះ។
ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាំបាច់ត្រូវមានការសហការ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ លោកបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង ពីវិធានការការពារខ្លួន ពីជំងឺកូវី១៩ កាន់តែច្បាស់ ប្រធាន សសយក ថ្នាក់ក្រុង និងស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល ចុះធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីភាពគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេស ត្រូវជំរុញឲ្យបានកាន់តែខ្លាំង ដល់អាជីវករ និងអ្នកទិញ ត្រូវប្រើម៉ាស់ អាល់កុល ឬសាប៊ូលាងដៃ មិនត្រូវប៉ះពាល់ជាមួយនឹងភ្នែក ច្រមុះ និងមាត់ ជាដាច់ខាត។
លោកបានជម្រុញមន្ត្រីក្រោមឧិវាទ ត្រូវបន្តចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានក្នុងក្រុង ស្រុក ក្នុងខេត្ត នៅតាមទីប្រជុំជន កសិដ្ឋាន មន្ទីរ និងអង្គភាព ឲ្យបានយល់ដឹងកាន់តែច្បាស់ ធ្វើយ៉ាងណាឲ្យអត្រាការឆ្លង ថយមកនៅកម្រិតទាបបំផុត។
លោក ម៉ុម សារឿន បានឧបត្ថម្ភ ថវិកា ៥០ម៉ឺនរៀល ដល់មន្ទីរសុខាភិបាលខេត្ត, ៥០ម៉ឺនរៀលដល់មន្ទីរទេព្យបង្អែកខេត្ត, សសយក ក្រុង និងស្រុកទាំង៦ ក្នុង១ក្រុងស្រុក ទទួលបាន ម៉ាស់៥ដុំ ស្មើនឹង ២៥០ម៉ាស់, បដាធំ៥ផ្ទាំង, Poster២០ផ្ទាំង, សៀវភៅផ្នត់៥០០សន្លឹក, ខិតប័ណ្ណ១២០សន្លឹក និង ថវិកា៥០ម៉ឺនរៀល, ក្រុមចត្តាឡីស័កប្រចាំនៅគោលដៅទាំង៤ ក្នុងមួយគោលដៅៗ ទទួលបានថវិកា ២០ម៉ឺនរៀល និង សសយក វិស័យជំនាញ ក្នុងមួយមន្ទីរ និងអង្គភាព ទទួលបានម៉ាស់ ៥០ និង Poster ២ផ្ទាំង ផងដែរ៕ ដោយ៖ ឡុង សំបូរ