អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩


នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានចាត់ឲ្យរដ្ឋបាលស្រុកសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកកម្មករ កម្មរិនីដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើករណីនេះ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធ
១-បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយរង់ចាំលទ្ធផលសំណាកអ្នកដែលពាក់ព័ន្ធនៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១។
២-ត្រូវពង្រឹង និងក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ដើម្បីឱ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ហើយអាជ្ញាធររួមជាមួយអ្នកពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បីជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបានទាន់ពេលវេលា។
៣-មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹងអ្នកសង្ស័យដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក។
៤-ត្រូវណែនាំដល់គណៈអាជីវករ ឲ្យណែនាំដល់អាជីវករតាមផ្សារនានាបានជាប់ជាប្រចាំ ដោយត្រូវរៀបចំជាប្រដាប់វាស់កំដៅ អាកុលលាងដៃ និងពាក់ម៉ាសហើយបានគ្រប់ពេលវេលា និងគ្រប់ៗគ្នា។

គួរបញ្ជាក់ថា៖ នៅស្រុកស្រីសន្ធរ រកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ រដ្ឋបាលស្រុក បានរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ចំនួន០២កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កចំនួន ៦០នាក់៕ (អត្ថបទ និងរូបភាពដោយ ចៅវង្ស)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner