ក្លឹបអ្នកកាសែតកម្ពុជា អំពាវនាវឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមបង្ការជំងឺកូវីដ១៩
ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញនូវសេចក្តីអំពាវនាវដោយសុំឱ្យអ្នកសារព័ត៌មាន យកចិត្តទុកដាក់ក្នុងប្រព្រឹត្តខ្លួនទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងគោរពនូវវិធានការទាំង ឡាយទាក់ទងនឹងការបង្ការទប់ស្កាត់នូវការរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីអំពាវនាវបានសរសេរថា ក្លិបអ្នកកាសែតកម្ពុជាបានសង្កេតឃើញថា បងប្អូនអ្នកសារព័ត៌មានយើងបានខិតខំបំពេញតួនាទីបានយ៉ាងល្អក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទោះបីជាស្ថិតក្នុងកាលៈ ទេសៈដ៏លំបាកនៃកូវីដ១៩ និងជាពិសេសក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ ក្លិបអ្នកកាសែតកម្ពុជាសូមកោតសរសើរចំពោះអ្នកសារព័ត៌មានអាជីពទាំងឡាយដែលបានពុះពារគ្រប់ឧបសគ្គក្នុងការយកព័ត៌មាន និងបន្តផ្តល់ព័ត៌មានគ្រប់បែបយ៉ាងដល់មហាជនរាប់ទាំងការផ្តល់សារអប់រំនានាឲ្យប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារកុំឲ្យឆ្លងកូវីដ ១៩ ។
ទន្ទឹមនឹងនោះក្លិបអ្នកកាសែតកម្ពុជាក៏សង្កេតឃើញថា មានបងប្អូនអ្នកសារព័ត៌មានមួយចំនួននៅមិនទាន់បានអនុវត្តបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈរបស់ខ្លួននៅឡើយ ដូចជាការបំពានលើសិទ្ធិបុគ្គលឯកជន, ការប្រើអាកប្បកិរិយា និងពាក្យពេចន៍មិនសមរម្យដែលអ្នកសារព័ត៌មានមិនគួរប្រើ។ ក្លិបអ្នកកាសែតកម្ពុជាក៏សង្កេតឃើញដែរថា អ្នកសារព័ត៌មានមួយចំនួននៅមិនទាន់អនុវត្តវិធានការ ៣កុំ ៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានល្អនៅឡើយទេដែលជាហានីភ័យមួយក្នុងការចម្លងមេរោគកូវីដ ១៩។
អាស្រ័យហេតុនេះក្លិបអ្នកកាសែតកម្ពុជាសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់សូមអនុវត្តឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលចុះយកព័ត៌មានដើម្បីរក្សាឲ្យបាននូវតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាននៅចំពោះមុខមហាជន។ សូមអ្នកសារព័ត៌មានទាំងអស់ចៀសវាងធ្វើអ្វីដែលលើសពីតួនាទីរបស់ខ្លួន។
ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់សូមគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធនាការសុខាភិបាល ក៏ដូចជាវិធានការផ្សេងទៀតដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ។
ក្លិបអ្នកកាសែតកម្ពុជាសូមកោតសរសើរ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ដែលបានគោរពវិជ្ជាជីវៈ និងបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងគ្រាដ៏លំបាកនេះដើម្បីបុព្វហេតុនាំព័ត៌មានពិតជូនដល់មហាជនទូទៅ។ ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចសូមបន្តកិច្ចសហការល្អជាមួយអ្នកសារព័ត៌មានដើម្បីឲ្យពួកគេអាចបំពេញការងារបានក្នុងគ្រាដ៏លំបាកលំបិននេះដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល។
ក្លិបអ្នកកាសែតកម្ពុជាសូមជូនពរដល់អ្នកសារព័ត៌មានទាំងអស់សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ ១៩៕


