អភិបាលខណ្ឌចំការមន ចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត និងបានធ្វើចត្តាឡីស័ករួចរាល់ ចំនួន ៧៧គ្រួសារ រស់នៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជូនដល់ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងបានធ្វើចត្តាឡីស័ករួចរាល់ ចំនួន ៧៧គ្រួសារ រស់នៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ថេង សុថុល បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរ និងព្រួយបារម្ភយ៉ាង ខ្លាំងបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេស ក្នុងដំណាក់កាលកូវីដ-១៩ នេះ ដោយសម្ដេច បានចេញ នូវសេចក្តីសម្រេចជាច្រើនលើកច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការ និង ទប់ស្កាត់នូវជំងឺដ៏កាចសាហាវ នេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តឲ្យ បានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ ។

លោកអភិបាលខណ្ឌ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងអំឡុងពេល នៃ ការបិទរាជធានីភ្នំពេញនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។

លោក ថេង សុថុល បានបន្តថា ជំងឺដ៏កាចសាហាវនេះ នៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅ ក៏មិនមានអ្នកទៅធ្វើបុណ្យ ដូចកាល ពីមិនទាន់មានកូវីដ-១៩ ដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩ នេះ ខណៈដែលរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចជាបន្តបន្ទាប់ នៃការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ។ ក្នុងរយៈពេលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយមានស្ថានភាពធូរស្បើយ នៃការរីករាលដាល បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរ និងប្រកប របររកស៊ីប្រចាំជីវិត ដូចធម្មតាឡើងវិញហើយ ។

បើតាមលោកនាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូននេះ ក្នុង ១ គ្រួសាទទួលបាន៖ អង្ករ ០១បាវ ទម្ងន់ ២៥គីឡូក្រាម-មី ០១កេស-ទឹកត្រី ០១យួរ-ទឹកស៊ីអ៉ីវ ០១យួរ-ត្រីខ ០១យួរ និងម៉ាសចំនួន ១០ ៕ ដោយប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner