អតីតប៉ូលិសអាមេរិកលោក Derek Chauvin នឹងត្រូវផ្ដន្ទាទោសជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ George Floyd

អាមេរិក៖ អតីតប៉ូលិសអាមេរិកលោក ដឺរែក ឆូវីន (Derek Chauvin) នឹងត្រូវផ្ដន្ទាទោសជាផ្លូវការនៅវេលាម៉ោង១៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមិថុនាខាងមុខ (ម៉ោងក្នុងតំបន់) ពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ (George Floyd) ជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក នេះបើតាមកាលបរិច្ឆេតចេញផ្សាយដោយគេហទំព័រតុលាការរដ្ឋមីនីសូតា ។
នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈវិនិច្ឆយដែលមានសមាជិក១២នាក់បានរកឃើញថា លោក ឆូវីន ពិតជាមានទោសពីបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី២, បទមនុស្សឃាតកម្រិតទី៣ និងបទមនុស្សឃាតដោយអចេតនាកម្រិតទី២ ។ តែលោក ឆូវីន នឹងត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ ។ ទន្ទឹមគ្នា ប្រធានាធិប តីអាមេរិក លោក ចូ បៃដិន បានហៅសាលក្រមសម្រេចឱ្យលោក ឆូវីន ជាប់ពិរុទ្ធពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ គឺជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅក្នុងសហរដ្ឋអាមេរិក ។
សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ២០២០ លោក ចច ហ្លយ បានថប់ដង្ហើមស្លាប់ កំឡុងសកម្មភាពឃាត់ខ្លួនដ៏ឃោរឃៅរបស់លោក ឆូវីន ដែលកាលនោះនៅជាប៉ូលិសនៃទីក្រុងមីនៀប៉ូលិស រដ្ឋមីនៀសូតា ។ ខ្សែវីដេអូជាង៨នាទី នៃការយកជង្គង់សង្កត់កបុរសស្បែកខ្មៅរូបនេះរហូតដល់ដាច់់ខ្យល់ស្លាប់ បានបង្កឲ្យផ្ទុះអំពើហិង្សាស្ទើរទូទាំងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ។ វាបានធ្វើឲ្យ ចច ហ្លយ ក្លាយជានិមិត្តរូបនៃការទាមទារឲ្យបញ្ឈប់ទង្វើរើសអើងពូជសាសន៍ ដែលជាជំងឺដ៏ធ្ងន់ធ្ងររាប់សតវត្សរ៍មកហើយក្នុងសង្គមអាមេរិក ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner