ការវិភាគដើម្បី “ដូរបាយ” និងមានចរិត”ប្រមាថជាតិឯង”
ភ្នំពេញៈបន្លឺសំឡេងតាមរយៈវិទ្យុមួយនោះកាលពីរាត្រីថ្ងៃទី២៤ ខែមេសា បុរសម្នាក់ដែលតែងតែតម្កើងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ឬជាអ្នកជំនាញខាងនយោបាយ បានធ្វើការពណ៌នាលើសកម្មភាពប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ លោកម្នាក់នោះនិយាយថាវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គ្រាន់តែដើម្បីយកមុខមាត់ និងមិនអាចរួមចំណែកជួយដោះស្រាយបញ្ហាអ្វីបានទេពិសេសបញ្ហាភូមា។ ស្តាប់ការវិភាគមួយបែបនេះ ធ្វើឱ្យយើងនឹកអស់សំណើច ព្រោះមិនដឹងជាគេយកស្អីមកសម្អាង?។
សូមនិយាយបន្តិចអំពីសម្តេចតេជោហ៊ុនសែន។ ក្នុងតំណែងជានាយករដ្ឋមន្រ្តីជិត៤០ឆ្នាំ និងជារដ្ឋមន្រ្តីការបរទេសជាច្រើនឆ្នាំ សម្តេចតេជោហ៊ុនសែនបានដឹកនាំប្រទេសក្រោកឈរ និងដើរចេញពីភាពខេ្ទចខ្ទាំដោយសារសង្រ្គាម, ដោយសារការបំផ្លិចបំផ្លាញពីរបបប្រល័យពូជសាសន៍, ទប់ស្កាត់ការវិលត្រឡប់វិញនូវពួកខ្មែរក្រហម,ទប់ទល់នឹង ការហ៊ុមព័ទ្ធទាំងឡាយពីខាងក្រៅ និងដឹកនាំកសាងប្រទេសរហូតមានការរីកចម្រើនយ៉ាងឆាប់រហ័សនា ពេលបច្ចុប្បន្ន។ នយោបាយឈ្នះ-ឈ្នះ ដែលកើតចេញពីភាពឈ្លាសវៃប៉ិនប្រសប់ពោរពេញដោយបទពិសោធន៍ និងក្តីក្លាហានដោយយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ បានសម្រេចបង្កើតនូវសន្តិភាពពេញលេញដោយបញ្ចប់ ទាំងស្រុងនូវអង្គការចាត់តាំង នយោបាយយោធានៃពួកឧទ្ទាមខ្មែរក្រហម។ កម្ពុជាបានបញ្ចប់ការបែងចែកទឹកដី និងបង្រួបបង្រួមខ្មែរតែមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយ។ សន្តិភាពមានតម្លៃធំធេងពុំអាចកាត់ថ្លៃ បាន។ ថ្ងៃ២៩ ធ្នូ ១៩៩៨ បានបង្កើតសន្តិភាពពេញលេញលើកដំបូងក្នុងរយៈពេលរាប់រយឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រកម្ពុជា។

នៅឯប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ អញ្ជើញទៅទីនោះ គឺដើម្បីចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលបាន រៀបចំនៅលេខាធិការដ្ឋានអាស៊ាននៅថ្ងៃទី២៤ខែមេសា។ នេះគឺជាកិច្ចប្រជុំកំពូលលើកទី១ ក្នុងទម្រង់ជាការចូលរួម ដោយផ្ទាល់ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងកាលពីដើមឆ្នាំ២០២០។ មេដឹកនាំអាស៊ានបាន ពិភាក្សាគ្នាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេស មីយ៉ាន់ម៉ា។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅប្រទេសឥណ្ឌូនេស៊ីក្នុងពេលដែលប្រទេសកម្ពុជា ខ្លួនឯងកំពុងតែផ្ទុះឡើងនូវជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងររហូតឈានដល់ការអនុវត្តការបិទខ្ទប់ទីក្រុង។ ប៉ុន្តែក្នុងនាមជា សមាជិកដ៏សកម្មមួយ សម្តេចតេជោ បានលះបង់ការព្រួយបារម្ភក្នុងប្រទេស ដើម្បីរួមចំណែកគិតគូរជាមួយប្រទេសនៅក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំកំពូលដោយផ្ទាល់លើកទី១នេះ ទាក់ទងនឹងបញ្ហាប្រទេសមីយ៉ាន់ម៉ា សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបាន ប្រកាសជំហរជាថ្មីម្តងពីការគោរពកិច្ចផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលមីយ៉ាន់ម៉ាកើតឡើងនូវវិបត្តិ គឺសម្តេចតេជោ បានបញ្ជាក់រួចម្តងហើយ អំពីការមិន ធ្វើអធិប្បាយណាមួយទាក់ទងដល់ការកិច្ចការផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមជា សមាជិកនៃគ្រួសារអាស៊ាន កម្ពុជាត្រៀម ខ្លួនជានិច្ច ក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ត្រឡប់ទៅរកភាពប្រក្រីឡើងវិញ ក្នុងតួនាទី និងតាមទម្រង់ ណាមួយ ដែលអាចធ្វើទៅបាន អនុលាម តាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់ អាចទទួលយកបាន។
គេអាចយល់បានថានេះជាការប្រកាន់យកដោយពិតប្រាកដរបស់កម្ពុជាក្នុងការគោរពអធិបតេយ្យភាពនៃប្រទេសផងគ្នា។ ពិសេសគោរពនូវធម្មនុញ្ញអាស៊ាន។ ក្នុងនាមជាប្រទេស ដែលធ្លាប់ឆ្លងកាត់នូវជម្លោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានចែករំលែកអំពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះដើម្បីនាំមកនូវសន្តិភាព និងការផ្សះផ្សា ជាតិឋិតថេរយូរអង្វែង និងបានស្នើឡើងនូវជំហានជាក់ស្តែង មួយចំនួន ពោលគឺ ១.ការបញ្ឈប់អំពើហិង្សា និងការប្រកាន់ភាព អត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ ,២.ការទទួល តួនាទីអាស៊ាននិងការបញ្ជូនប្រេសិតពិសេសទៅមីយ៉ាន់ម៉ាដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង៣.ការអនុញ្ញាត ឲ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងទំនុកចិត្ត និងការប្តេជ្ញាកម្រិតនយោបាយពីគ្រប់ភាគី ពាក់ព័ន្ធក្នុងការធ្វើសម្បទាន ដើម្បីសម្រុះសម្រួលការព្រួយបារម្ភរបស់ផងគ្នា និងការផ្តោតគោលបំណងធំបំផុត ទៅលើការបញ្ឈប់បង្ហូរឈាមគ្នា សន្តិភាព និងភាពសុខដុមចីរកាល។

នៅទីបំផុតកិច្ចប្រជុំកំពូលអាស៊ានពិសេសមេដឹកនាំអាស៊ាន បានសម្រេចឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច ស្តីពីជំហានចាំបាច់ដើម្បីបន្ធូរបន្ថយភាពតានតឹងបង្កលក្ខណៈ សម្រាប់កិច្ចសន្ទនា និងបោះជំហានទៅមុខជាបន្ត បន្ទាប់ទៅរកដំណោះស្រាយដោយសន្តិវិធី ដែលរួមមាន៖ ១.ការបញ្ឈប់រាល់អំពើហិង្សា,២.កិច្ចសន្ទនាប្រកបដោយ ស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ប្រជាជន,៣.ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា,៤.ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយនិង៥.ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្នុងចំណុចឯកភាពគ្នានៃមេដឹកនាំអាស៊ានត្រូវបានកត់សម្គាល់ឃើញថាការស្នើឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចូលទៅក្នុងចំណុចឯកភាពគ្នាទាំងប្រាំ។ នេះបង្ហាញថាអ្វីដែលសម្តេចតេជោបានចែករំលែក បានរួម ចំណែកដល់ការជួយដោះស្រាយបញ្ហាដោយសន្តិវិធីគ្មានការបង្ហូរឈាម។
ពិតណាស់!ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន(ASEAN)នាថ្ងៃទី៣០ខែមេសាឆ្នាំ១៩៩៩មក កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន បានប្រែក្លាយពីសមាជិកសាមញ្ញថ្មីថ្មោងទៅក្លាយជាសមាជិកមួយដែលមានតួនាទីស្នូល ជាអ្នកផ្តួចផ្តើម ក្នុងការកសាងទំនាក់ទំនងបន្ថែមនៅក្នុងអាស៊ានផ្ទាល់ក៏ដូចជាក្នុងតំបន់,ពហុតំបន់ និងទៅកាន់ពិភពលោក។ ជាអ្នកជំរុញដល់ បង្កើតជាវេទិកាជជែកពិភាក្សារវាងអាស៊ានឬកម្ពុជាជាមួយប្រទេសនានានៅតំបន់ និងទ្វីបដទៃ។ កម្ពុជាក៏បានធ្វើជា អ្នកសម្របសម្រួលបញ្ហាធំៗចូលរួមដោះស្រាយបញ្ហាក្នុងអាស៊ាន ក្នុងតំបន់ ដើម្បីសុខដុមនីយកម្មស្ថិរភាព និងការអភិវឌ្ឍ។
ដូចនេះវាមិនដូចអ្វីដែលអ្នកវិភាគនយោបាយឬក្រុមអ្នកវិភាគ”ដូរបាយស៊ី”លើកឡើងនោះទេ។ ការវិភាគរបស់ពួកគេ មិនត្រឹមតែបង្ហាញពីនិយាយឱ្យតែបានឮប៉ុណ្ណោះទេ តែបានបញ្ជាក់ច្បាស់ពីសារជាតិព្រៃដែលប្រមាថមើលងាយជាតិ សាសន៍ឯង,ប្រទេសឯងពិសេសមេដឹកនាំប្រទេសដែលគេបានទទួលស្គាល់ និងទទួលការគោរពកោតសរសើរពី ថ្នាក់ដឹកនាំសំខាន់ៗឥស្សរជនល្បីៗនៅលើពិភពលោក។ សូមផ្តាំទៅផងការវិភាគបែបនេះ អាចបោកបានតែមនុស្ស ខូចសតិ និងអ្នកជួលឱ្យនិយាយដែលចង់ឮពាក្យពេចន៍ដែលបន្តុះបង្អាប់ និងបំភ្លៃតែប៉ុណ្ណោះ៕
ដោយៈជម្ពូនុទ