កិច្ចប្រជុំស្ដីពីវិធានការទប់ស្កាត់ការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញៈ បន្ទាប់ពីកើតមានសកម្មភាពលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដែលសមត្ថកិច្ចបានបង្ក្រាបបានកាលពីពេលថ្មីៗនេះ ដោយក្នុងនោះមានឧត្តមសេនីយ៍យោធាផ្កាយពីរម្នាក់ និងបកក្ខពួកចំនួន ៦នាក់ បានលួចនាំជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ តាមរយៈប្រព័ន្ធវីដេអូសន្និសីទនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា កន្លងមកនេះ នៅក្នុងពេលដែលរាជរដ្ឋាភិបាលរិតត្បិត ឬក៏បិទការចេញចូលប្រទេស លើកលែងតែករណីមួយចំនួនដែលអនុញ្ញាតឲ្យចេញចូល ហើយមានករណីខ្លះមានការលួចនាំមនុស្សឆ្លងកាត់ព្រំដែន និងមានករណីនាំលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង។ ស្ថានភាពនេះ បើសិនជានៅតែមានវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការចម្លងជំងឺកូវីដ១៩ ក៏មានហានិភ័យដែរ ដោយសារថា គឺទី១.លួចលាក់ចូលមកក្នុងខ្សែបន្ទាត់ព្រំដែនតាមរបៀង និងមិនបានធ្វើចត្តាឡីស័ក មិនបានអនុវត្តវិធានការសុខាភិបាល និងទី២. អ្នកដែលចេញពីតំបន់បិទខ្ទប់ ក៏អាចបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ដែរ។ ហេតុនេះហើយបានជាសម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃពិនិត្យមើលករណីនេះ។

លោកបានបន្តថា ក្រោយពីកិច្ចប្រជុំបានត្រួតពិនិត្យករណីនេះរួច ក្រសួងមហាផ្ទៃនឹងរៀបចំជាវិធានការដើម្បីគ្រប់គ្រង គឺទី១.ខាងអគ្គស្នងការនគរបាលជាតិនឹងដឹកនាំទៅដល់គណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យមើលឡើងវិញនូវវិធានការ និងការអនុវត្តនូវវិធនាការដែលបានដាក់ចេញកន្លងមកនេះ នៅក្នុងការគ្រប់គ្រង ការឆ្លងកាត់ព្រំដែន ដើម្បីវាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ ដើម្បីដាក់ចេញនូវផែនការសកម្មភាបន្ត នៅក្នុងនោះគឺការស្រាវជ្រាវរកមេខ្យល់ មេក្លោង ទាំងនៅក្នុងស្រុក និងសហការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជាដើម្បីសហការនិងបង្ក្រាប។ ទី២. ការលុបបំបាត់របៀង និងពិនិត្យមើលភូមិសាស្ត្រណាដែលចាំបាច់ដើម្បីដាក់ពង្រាយកម្លាំងបន្ថែមដើម្បីល្បាត ជាពិសេសនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។ ទី៣.ការគ្រប់គ្រងតាមច្រកព្រំដែន។ ជាគោលការណ៍បើរកឃើញថា ជនបរទេសចូលតាមច្រកណារុញចេញទៅវិញនិងនឹងកន្លែងដោយមិនបាច់ស្នើសុំគោលការណ៍៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner