តើអ្វីជាការយល់ឃើញរបស់តំណាងអង្គការសុខភាពពិភពលោកចំពោះការវិវឌ្ឍនៃព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍?

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៦ខែមេសានេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៨០នាក់ទៀត និងជាសះស្បើយ១៧៧នាក់ ដែលនេះបានធ្វើឱ្យតុល្យការនៃការឆ្លងរីករាលដាលបណ្តោះអាសន្ននៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនដល់ចំនួន១០០០៥ នាក់ក្នុងនោះអ្នកជំងឺកូវីដ-១៩ ចំនួន ៧៩ នាក់បានស្លាប់បាត់បង់ជីវិត។ តួលេខដែលមានការឡើងជាលំដាប់នេះ មិនមែនជាបញ្ហាសាមញ្ញហើយដែលត្រូវត្រេកអរបន្ធូរដៃក្នុងការចាត់វិធានការទប់ស្កាត់នោះឡើយ។ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បាន និងកំពុងដុតដៃដុតជើងក្នុងការសង្គ្រោះ និងការពារអាយុជីវិតពលរដ្ឋ។

ក្នុងសេចក្តីប្រកាសមួយកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញនូវការកត់សម្គាល់ថា នៅទូទាំងសកលោក ចំនួន ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីក្នុងមួយសបា្តហ៍បានកើនឡើងជិតទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងតែឈានដល់អត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ ខណៈនេះ នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល៧ថ្ងៃចុងក្រោយនេះចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី ២៩១ ទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។

គ្រែសម្រាប់អ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល ដែលរៀបចំដោយរាជរដ្ឋាភិបាល

លោកស្រីវេជ្ជបណ្ឌិត លី ឤឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឲ្យល្អប្រសើរ ឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»។ អ្វីដែលតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានបង្ហាញនៅក្នុងសេចក្តីប្រកាសនេះ ពិតប្រាកដណាស់បានបង្ហាញថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាកំពុងស្ថិតនៅចំណុចគួរឱ្យព្រួយបារម្ភ។

តំណាងអង្គការនេះបានជំរុញថែមទៀតឱ្យការទប់ស្កាត់ដោយ មិនអាចប្រហែសបាន។ លោកស្រីវេជ្ជបណ្ឌិត លី ឤឡាន បានមានប្រសាសន៍ថាភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះបង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួនបី ដើម្បីអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះប្រកបដោយប្រសិទ្ធភាពបាន។ ទីមួយគឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្តនិងដាក់ចេញនូវ វិធានការ។ ទីពីរសង្គមទាំងមូលត្រូវតែចូលរួម និងទីបីពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ អនុវត្តតាមវិធានការសុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖ «នៅពេលដែលសមាសធាតុទាំងអស់នេះ រួមគ្នាគេអាចបញ្ឈប់កំណើនជំងឺ កូវីដ១៩ និងសង្គមផងដែរ។ យើងបានមើលឃើញការ ដឹកនាំដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាក្នុងការធ្វើ សេចក្ដីសម្រេចចិត្ត និងកាត់បន្ថយការចម្លងបាននិងចាត់វិធានការដ៏លំបាកជាច្រើន។ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លា តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ តែត្រូវការរួមគ្នារវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូបទើបជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ចហើយគោលដៅនៃវិធានការឆ្លើយតបគឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានការផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាពក៏ដូចជាផល ប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍បន្ថែមថា៖«គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញ យ៉ាងច្បាស់ដូចជាពេលបច្ចុប្បន្ននេះទេ។ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូ សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ»។

វីរុសកូវីដ ១៩ បានឆ្លងរាលដាលងាយបំផុតនៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងកន្លែងបិទជិតដែលមានមនុស្សនៅ ជិតៗគ្នា នៅកម្ពុជា កន្លែងទាំងនេះ មានដូចជានៅក្លឹបរាតី កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងផ្សាររួមទាំងនៅ តាមអាជីវកម្មតូចៗការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ។ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា៖«ការផ្ទុះឡើងនូវជំងឺនាពេលបច្ចុប្បន្ននៅតាមរោងច្រកនិងផ្សារនានាជាសារមួយដ៏គួរឲ្យឈឺចាប់ដែលរំលឹកប្រាប់យើងអំពីសារសំខាន់នៃការដាក់ចេញ និងអនុវត្តវិធានការ ក្នុងការកាត់បន្ថយហានិភ័យឲ្យបានមុនពេលដែលមានការផ្ទុះណាមួយកើតឡើងដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ។”ភស្តុតាងដែលមាននៅទូទាំងសកលោកបានបង្ហាញថាការផ្លាស់ប្ដូរការអនុវត្តវិធានការដើម្បីត្រៀមបង្ការជាមុននិងកាត់បន្ថយហានិភ័យនៃការចម្លងរោគឱ្យបានមុនការផ្ទុះជំងឺកើតឡើង គឺជាវិធីការពារដ៏ប្រសើរបំផុតវិធីការ ការពារទាំងនេះ អាចបញ្ឈប់វីរុសពីការរីករាលកាន់តែខ្លាំងនិងលែងត្រួតត្រាបាន»។

គ្រែសម្រាប់អ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល ដែលរៀបចំដោយរាជរដ្ឋាភិបាល

បើពិនិត្យលើការបញ្ជាក់របស់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា គ្រប់គ្រាន់ណាស់ ដែលអាចបញ្ជាក់ថា ចំណាត់ការ វិធានការបិទខ្ទប់នៅភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល និងតំបន់ក្រហមមួយចំនួនដែលបានធ្វើឡើងនៅតាមបណ្តាខេត្តមួយចំនួនគឺមានភាពចាំបាច់បំផុត ហើយវិធានការទាំងនោះចាំបាច់ត្រូវឱ្យម៉ឹងម៉ាត់ថែមទៀត និងមានវិសាលភាពកាន់តែធំ។

លោកស្រីតំណាងបានបញ្ជាក់ថានៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះពឹងផ្អែកលើអាកប្បកិរិយារបស់បុគ្គលម្នាក់ៗសុខភាពជាសមូហភាពរបស់យើងជាងពេលណាៗទាំងអស់។ ការសម្រេចចិត្តទ្រង់ទ្រាយតូចប្រចាំថ្ងៃធ្វើឡើងជាលក្ខណៈ បុគ្គលដូចជាការសម្រេចថាកន្លែងណាគួរឬមិនគួរទៅទិញទំនិញ។ នៅពេលណាគួរទៅធ្វើការហាក់ដូចជាមិនមាន គ្រោះថ្នាក់ និងធំដុំអ្វីទេប៉ុន្តែនៅពេលដែលសកម្មភាពតូចៗទាំងនេះច្រើនប្រមូលផ្ដុំគ្នាទូទាំងប្រទេសនោះវាទៅជាបណ្ដុំនៃសេចក្ដីសម្រេចចិត្តដែលអាចកំណត់អំពីជោគជ័យឬបរាជ័យរបស់ប្រទេសមួយក្នុងការត្រួតត្រាដើម្បីបញ្ឈប់ការចម្លងនៃវីរុសមួយនេះបាន។

លោកស្រីវេជ្ជបណ្ឌិតលីអេឡាមានប្រសាសន៍ថា៖«នៅពេលដែលគ្រប់ផ្នែកនៃសង្គមមួយរាប់ចាប់តាំងពីស្ថាប័នរដ្ឋរហូតដល់វិស័យឯកជនផ្សេងៗ និងចាប់តាំងពីរដ្ឋបាល គ្រប់ថ្នាក់រហូតដល់បុគ្គលម្នាក់ៗធ្វើការរួមគ្នាជាធ្លុងមួយដោយ ផ្តោតជាសំខាន់លើការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺឲ្យបាននោះនោះសមិទ្ធផលរួមទទួលបាននឹងមានទំហំធំធេង។ ដូច្នេះហើយ បុគ្គលគ្រប់រូប គ្រប់ទីកន្លែងត្រូវតែចូលរួមចំណែកធ្វើតួនាទីរបស់ខ្លួនគ្រប់គ្នាៗគ្រប់គ្នាត្រូវចូលរួមធ្វើ សកម្មភាពនៅថ្ងៃនេះ ដើម្បីចៀសវាងវិប្បសារីនៅថ្ងៃស្អែក»។

យោងទៅលើការពន្យល់ ការផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក បានចង្អុលឱ្យឃើញថា វិធានការរបស់រាជរដ្ឋាភិបាលបានទទួលនូវការគាំទ្រ ទន្ទឹមការជំរុញការរិតបន្តឹង ថែមទៀតផង ពីព្រោះនេះជាកង្វល់នៃសុខភាពសាធារណៈ និងជាការការពារអាយុជីវិតប្រជាជនឱ្យចៀសផុតពីការចម្លង និងការឆក់យកជីវិតដោយយើងមិនបានទប់ស្កាត់ ក្នុងពេលដែលយើងទាំងអស់គ្នាអាចធ្វើបានចូលរួមបាន។ ពោលលំបាកក្នុងរយៈពេលខ្លី ជាជាងលំបាករយៈពេលរយៈពេលវែង ហើយអាចបាត់បង់ជីវិតដោយសារតែការប្រមាទនេះ៕

ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner