សហរដ្ឋអាម៉េរិកបញ្ជាក់ថា ក្រុមប្រទេស G7 ស្វែងរកការកែទម្រង់នៅក្នុងអង្គការ WHO ព្រមទាំងបង្ហាញពីការប្តេជ្ញាផ្តល់ការសម្របសម្រួលប្រឆាំង COVID-19
បរទេស៖ មេដឹកនាំមកពីក្រុមប្រទេស G7 បានអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញ និង ដំណើរការកែទម្រង់នៅក្នុងអង្គការសុខពិភពលោក WHO ហើយថែមទាំងបានឯកភាពគ្នា ក្នុងការធានាបាននូវការសម្របសម្រួលដល់ពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីសេតវិមាន ចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួមគ្នាមួយ តាមរយៈវីដេអូខុនហ្វឺរិនរវាងមេដឹកនាំក្រុមប្រទេស G7 សេតវិមានបានសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំ G7 បានព្រមព្រៀងគ្នារក្សាការប្តេជ្ញាចិត្ត ចាត់វិធានការចាំបាច់នានា ដើម្បីធានាការរឹងមាំ និងកិច្ចសម្របសម្រួលដល់ពិភពលោក ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពនេះ ព្រមទាំងគ្រោះមហន្តរាយមនុស្សធម៌ និង វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្នុងគោលបំណងចាប់ផ្តើមការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព។

សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនាពេលថ្មីៗ នេះថា សហរដ្ឋអាម៉េរិកនឹងកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុរបស់ខ្លួន ដល់អង្គការសុខភាពពិភពលោក WHO ដោយលោកចោទថា អង្គការមួយនេះបានលាក់បាំងពីការរាតត្បាតនៃជំងឺ COVID-19 នៅប្រទេសចិន ទើបធ្វើឲ្យវីរុសនេះបានរាតត្បាតនៅជុំវិញពិភពលោក ៕

