អង់គ្លេសពន្យាពេលបិទប្រទេសរយៈពេល០៣សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ដែលកំពុងកាន់តួនាទីដឹកនាំប្រទេសបណ្តោះអាសន្ន ជំនួសលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសថា ចក្រភពអង់គ្លេសនឹងបន្តបិទប្រទេសរយៈពេល០៣សប្តាហ៍ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។

ការប្រកាសពន្យាពេលបិទប្រទេសបន្ថែមទៀតរបស់លោក Dominic Raab នាពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសក្លាយជាប្រទេសទី៦ នៅលើពិភពលោក ដែលមានករណីឆ្លងជម្ងឺ COVID-19 ឈានដល់ខ្ទង់សែននាក់ឯណោះ ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសអង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១០ម៉ឺន៣ពាន់៩៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៧២៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

