ទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារតែអត្រាអ្នកឆ្លងមេរោគ COVID-19 បន្តកើនឡើង
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសទៅក្នុងគ្រាមានអាសន្ន ខណៈស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាលនៅឡើយនោះ នេះបើតាមសារព័ត៌មាន CGTN នៅទី១៧ ខែមេសា ឆ្នាំ២០២០ ។

ការប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន បានកើតមានឡើងក្រោយលោក អាបេ កាលពីថ្ងៃទី០៧ ខែមេសាមកនេះ បានប្រកាសដាក់ទីក្រុង និងខេត្តសរុបចំនួន០៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភាខាងមុខ។

ដោយឡែក អំឡុងកិច្ចប្រជុំពិសេសមួយ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាល លោក អាបេ ក៏បានបញ្ជាក់ដែរថា ប្រទេសជប៉ុនទាំងមូលនឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ០៧ទីក្រុង និងខេត្ត ដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក ប៉ុន្តែរយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភាខាងមុខ ៕


