ពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង១៤ម៉ឺនគ្រួសារ បានទទួលស្បៀងអាហារពីអាជ្ញាធររាជធានី
ភ្នំពេញៈគិតចាប់តាំងពីថ្ងៃទី១៩ខែមេសា មកដល់ថ្ងៃទី២ ខែឧសភានេះ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់បានចំនួនជាង១៤ម៉ឺនគ្រួសាររួចហើយ។
អាជ្ញាធរនឹងបន្តការផ្តល់អំណោយនេះ ជូនប្រជាពលរដ្ឋថែមទៀតដោយមិនមានការរើសអើង និងមិនទុកឱ្យប្រជាជនដាច់ស្បៀងជាដាច់ខាត។ ជំរុញដល់សកម្មភាពនេះថែមទៀត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ នៅរសៀល ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្រហមបន្តទៀត។

ឯកឧត្តម ឃួង ស្រេង អញ្ជើញពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន 
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ឧសភានេះថា គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោកបានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន១៤.១៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្បៀងអាហារ ដែលមានគុណភាពល្អ។ បើនិយាយ ពីអង្ករវិញ ល្អជាងអង្ករ ដែលលោកហូបរាល់ថ្ងៃផង។
ទន្ទឹមនេះក្នុងរយៈពេលពីរថ្ងៃនេះដែរ រដ្ឋបាលរាជធានីនិង កងទ័ពជើងគោកបានមមាញឹកក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួនបួនម៉ឺនគ្រួសារ បន្ថែមទៀត។ ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយឯកឧត្តមអភិបាលរាជធានី បានបន្តទៅពិនិត្យមើលគោលដៅសំខាន់ក្នុងតំបន់ក្រហម។ ការពិនិត្យនេះ ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់ និងនៅតាមមូលដ្ឋានទាំងនោះ ដោយចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅ តាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា? ហើយកម្លាំង ដែលបានណែនាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋាន បិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ? លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩នេះ៕
ដោយៈជម្ពូនុទ

