កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជាង ១ម៉ឺននាក់ ក្នុងរយៈពពេល២ថ្ងៃ
យោងតាមរយបាយការណ៍របស់កងពលតូចង៧០ បានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១ និងទី២ ឧសភា ឆ្នាំ២០២១ កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន៦ទីតាំងដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ដោយចាក់ជូនប្រជាពលរដ្ឋបានចំនួន ១ម៉ឺន ៨២៩នាក់។
ក្នុងនោះ នៅថ្ងៃទី១ឧសភា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋចំនួន៦ទីតាំងសរុបចំនួន ៤ពាន់៣៧៧នាក់។ ដោយឡែកនៅថ្ងៃទី២ឧសភា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋចំនួន៦ទីតាំង សរុបចំនួន ៦ពាន់៤៥២នាក់។ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំងនោះ មានដួចជា ទីតាំងទី១ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា), ទីតាំងទី២ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ), ទីតាំងទី៣សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹង ឈាងហាក់), ទីតាំងទី៤ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង), ទីតាំងទី៥ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់), និងទីតាំងទី៦ សង្កាត់ចោមចៅ៣ (ទីបញ្ជាការកងពលតូចលេខ៧០)។
សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម បានចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ដែលមានប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសប្រមាណ៤៥ម៉ឺននាក់ រស់នៅក្នុងខណ្ឌចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ក្រហម។
ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានបញ្ជាក់ថា គេនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ឱ្យបានរួចរាល់ទាំង២ដូសតែម្តង ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជម្រុញអោយក្រុមការងារទាំងអស់ យកចិត្តទុកដាក់ និងជួយសម្រួល ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋតាមគោលដៅនីមួយៗ ក្រោមការរៀបចំ និងសម្របសម្រួលពីក្រសួងការពារជាតិ អោយស្របនិងទិសដៅរបស់រាជរដ្ឋាភិបាល ចាក់វ៉ាក់សាំងអោយបាន១០០ភាគរយ ទៅតាមគោលការកំណត់នៅក្នុងតំបន់ក្រហម៕







