មនុស្ស ២០នាក់រងគ្រោះថ្នាក់ដោយសារ មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២១នេះ
យោងតាមអាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែបន្តមានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ របួស ពិការ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ក្នុងរយៈពេលប្រមាណ ៤ខែក្នុងឆ្នាំ២០២១ មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២០នាក់ អត្រាគ្រោះថ្នាក់នោះ មានការកើនឡើងម្នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់ប៉ុណ្ណោះ។
ដើម្បីរួមចំណែកធ្វើឲ្យអត្រាគ្រោះថ្នាក់មានការថយចុះ ប្រត្តិបត្តិករជាតិ-អន្តរជាតិបាននិងកំពុងផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ប្រឈម។ នៅឆ្នាំ២០២០ កន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាងមួយលាននាក់។
ជាមួយគ្នានោះ អាជ្ញាធរមីន បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាត។ នៅពេលឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។




