អាជ្ញាធររាជធានី សម្រុកដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន ៤ម៉ឺនគ្រួសារទៀត នៅថ្ងៃទី៣ និង ០៤ ឧសភា នេះ
ភ្នំពេញ៖ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់ បញ្ជាឱ្យអាជ្ញាធរខណ្ឌ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម ។
ជាក់ស្តែងនៅថ្ងៃទី៣និង០៤ឧសភា ២ថ្ងៃជាប់គ្នានេះអាជ្ញាធររាជធានីបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទាំងនេះទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ពេលនេះស្បៀងអាហារប្រមាណជាង២០ម៉ឺនកញ្ចប់ហើយបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី៣និង០៤ឧសភានេះ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត
ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន ១៤៧០០គ្រួសារ នៅពោធិសែនជ័យចំនួន ១៣៧០០គ្រួសារ ខណ្ឌសែន សុខ១៣០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន ២០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ
ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០ ។ ក្នុងចំនួននេះក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។
គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និង
រថយន្តជាង៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕






