នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក ឧបត្ថម្ភថវិកាជិត៤០០លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ភ្នំពេញ: នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឧបត្ថម្ភថវិកាជិត៤០០លានរៀលជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌។

តបចំពោះទឹកចត្តនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលឧបត្ថម្ភថវិកាចំនួន៣៦៨.៥០៤.៣០០រៀល និង៦០០ដុល្លារដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩៕
ដោយ: ពលជ័យ