លោក ចូ បៃដិន សង្ឃឹមថា រូបលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី អំឡុងដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងខែមិថុនាខាងមុខ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះនិយាយថា រូបលោករំពឹងថា នឹងមានជំនួបពិភាក្សាមួយជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់អឺរ៉ុបនាខែមិថុនា ឆ្នាំ២០២១នេះ ។
លោក ចូ បៃដិន បាននិយាយថា ជំនួបនោះគឺជាការសង្ឃឹម និងរំពឹងទុករបស់លោក… ពួកយើងបាននិងកំពុងធ្វើការងារទៅលើរឿងនេះហើយ នេះបើតាមលោក បៃដិន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹងមានផែនការជួបជាមួយលោក ពូទីន អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនាពេលខាងមុខនេះ ដែលវាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីលោកចូលកាន់អំណាចកាលពីខែមករាមក ។
លោក បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅទីក្រុងខុនវ៉ល (Cornwall) របស់ចក្រភពអង់គ្លេស ដែលនឹងចាប់ផ្តើមឡើងពីថ្ងៃទី១១ដល់ទី១៣ ខែមិថុនាខាងមុខ ហើយនឹងកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំនៃសមាជិក G7 ។ បន្ទាប់មក លោក ចូ បៃដិន ក៏នឹងត្រូវបន្តដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល របស់ប្រទេសប៊ែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះផងដែរ ៕ ប្រភព៖ ស៊ីនហួរ


