សហរដ្ឋអាមេរិក និងអឺរ៉ុបជំរុញអោយបន្តការចរចាសន្តិភាពអាហ្វហ្គានីស្ថានជាបន្ទាន់ និងថ្កោលទោសក្រុមតាលីបង់ ដែលបង្កើនការវាយប្រហារខ្លាំងឡើង

បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានស្នើអោយមានការចាប់ផ្តើមឡើងវិញ នូវកិច្ចចរចាអន្តរអាហ្វហ្គានីស្ថានជាបន្ទាន់ ហើយថែមទាំងបានថ្កោលទោសក្រុមតាលីបង់ ដែលបង្កើនការវាយប្រហារខ្លាំងឡើង ក្នុងគ្រាកងកម្លាំងបរទេសចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
តំណាងរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការណាតូ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ខណៈដែលកងកម្លាំងអាមេរិក និងកងកម្លាំងបរទេសដទៃទៀតបានចាប់ផ្តើមដកចេញ ។ កិច្ចប្រជុំខាងលើនេះ បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យមានការចាប់ផ្តើមចរចាដ៏សំខាន់ឡើងវិញជាបន្ទាន់ អំពីអនាគតរបស់អាហ្វហ្គានីស្ថាន ដោយគ្មានបុរេលក្ខខណ្ឌ ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ដំណើរការនៃការដកកងទ័ពមិនត្រូវធ្វើជាលេសសម្រាប់តាលីបង់ ដើម្បីបញ្ឈប់ដំណើរការសន្តិភាពនោះទេ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការដកទ័ពចេញនឹងត្រូវចប់ជាស្ថាពរនៅថ្ងៃទី១១ ខែកញ្ញា ដែលជាខួបលើកទី២០ នៃការវាយប្រហារថ្ងៃ១១កញ្ញា ដែលជំរុញឱ្យអាមេរិកឈ្លានពានអាហ្វហ្គានីស្ថាន ។ ហើយចាប់តាំងពីកងទ័ពបរទេសចាប់ផ្តើមដកចេញពីអាហ្វហ្គានីស្ថាននោះ កងកម្លាំងរដ្ឋាភិបាល និងក្រុមតាលីបង់បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ជាពិសេសនៅក្នុងខេត្តហែលម៉ាន ៕ ប្រភព៖ France24

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner