ប្រជាពលរដ្ឋនៅស្រុកកោះធំចំនួន ៦.២៤៣ គ្រួសារ ទទួលអំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងកាលៈទេសនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ថ្ងៃសៅរិ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩។

សូមជម្រាបជូនថា៖ គ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រីដែលត្រូវបាននាំយកទៅប្រគល់ជូនក្នុងឱកាសនោះរួមមាន៖ អង្ករចំនួន ៦២.៤៣០ គីឡូក្រាម មីចំនួន ៩៣.៦៤៥ និងកញ្ចប់ ត្រីខចំនួន ៦.២៤៣ យួរ។

គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវធ្វើការបែងចែកជូនប្រជាពលរដ្ឋក្នុងឃុំទាំង១១ នៃស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីសម្រួលដល់ការលំបាកក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងកាលៈទេសៈជួបការលំបាក។

ជាមួយគ្នានេះផងដែរ ក្រសួងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូមចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍ប្រចាំថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner