ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”
ភ្នំពេញៈស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តីនៅកម្ពុជា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍បានបន្តថា ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor មានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួនដូចតទៅ៖
ទី១)កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យហាក់បែរជាតស៊ូមតិគាំទ្រ អង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែ បន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែលរហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។
ទី២)លោកស្រីសាស្រ្តាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះ រឹតតែជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សា និងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើរុញ ច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។
ទី៣)តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារ ជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្ត ទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ។ ម៉្យាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមកផងដែរ។
ទី៤)ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យ រដ្ឋាភិបាលដោះលែងបុគ្គលណាម្នាក់ គឺមានន័យស្នើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ទី៥)អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមប្រតិបត្តិ” និង”សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិក្នុងស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកប ដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែក បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នករាយការណ៍ពិសេស។
ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕
ដោយៈពលជ័យ


