អាជ្ញាធររាជធានីឃាត់ខ្លួន អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ អ្នករត់តាក់ស៊ីនិងប្រជាពលរដ្ឋដែលបានព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នានេះផងដែរ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានមានប្រសាសន៍លើកឡើងថា ដោយមានការ បញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈ
ដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។

លោកបញ្ជាក់ថា ៖ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។ ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ លោកសូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner