ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”

ទីក្រុងហ្សឺណែវ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ – ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេ សស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅកម្ពុជា។ ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យមានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេស ក កម្ម អចិន្ត្រៃយ៍កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួន ដូចតទៅ៖

− ទី១៖ កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែបន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិ ពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។

− ទី២៖ លោកស្រីសាស្រ្តាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះរឹតតែជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សានិងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើររុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងភាពវឹកវរ។

− ទី៣៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី ដោយផ្អែកលើមូលដ្ឋាននីតិវិធីត្រឹមត្រូវ និងភស្តុតាងរឹងមាំជាក់ស្តែង ពុំមែនផ្អែកលើពាក្យចចាមអារ៉ាមនោះទ្បើយ។ ការពិតដែលមេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួម ដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ សរបញ្ជាក់យ៉ាងច្បាស់ថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួម និងតម្លាភាពត្រឹមត្រូវ ។ ម៉្យាងទៀត ក៏មានឧទាហរណ៍ជាច្រើនអំពីការដាក់ទោសទណ្ឌលើបុគ្គលគាំទ្រគណបក្សកាន់អំណាច ប្រសិនបើបំពានច្បាប់ នាពេលកន្លងមកផងដែរ។

− ទី៤៖ ពាក្យពេចន៍មិនសមរម្យរបស់លោកស្រីសាស្ត្រាចារ្យពាក់ព័ន្ធនឹងតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌ជាតិនៃរដ្ឋអធិបតេយ្យមួយ។ ការទាមទារតាមទំនើងចិត្តឱ្យរដ្ឋាភិបាលដោះលែងបុគ្គលណា ម្នាក់ គឺមានន័យស្នើនឹងការវាយប្រហារទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

− ទី៥៖ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ចបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមប្រតិបត្តិ” និង”សៀវ ភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” ដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងព័ត៌មានដែលពិតនិងបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងគោរពបទប្បញ្ញត្តិ ក្នុងស្រុកនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកបដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចឱ្យរដ្ឋទាំងអស់ជារួម និងប្រទេសកម្ពុជា ដោយឡែក បន្តរក្សានូវទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ ជាមួយអ្នករាយការណ៍ពិសេស។

ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់ មិនមែនសម្រាប់ក្រុមជាក់លាក់ណាមួយទ្បើយ៕(សួង ពិសិដ្ឋ)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner