ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមានការអត់ធ្មត់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដាច់សង្វាស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនាពេលដ៏ខ្លីខាងមុខ។

ការអំពាវនាវនេះបានឡើងនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរ​សុខទុក្ខ និនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាល​នៅក្នុង​ប្រទេសកម្ពុជា និងមានការ​កើនឡើង​ជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​ការរីក​រាលដាលនៃជំងឺកូវីដ១៩នេះ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអនាម័យខ្ពស់ក្នុងការរស់នៅ ដោយអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ត្រូវពាក់ម៉ាសជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលឲ្យបានញឹកញាប់ ជាពមិនត្រូវភ្លេច នូវការអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ របស់សម្តេច តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបាន​ខិតខំ​បំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដែល​ជាបេសកកម្មដ៏ធំធេង ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តបានចែកជូន ប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខ១កេស និងអង្ករ ១០គីឡូក្រោម។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner