គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងអំពាវនាវឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងសពអ្នកជំងឺកូវីដ-១៩ ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយឧបាសិការ ឯម ជា អាយុ ៧២ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ត្រូវប្រញាប់ទៅធ្វើតេស្ដរកមេរោគកូវីដជាបន្ទាន់។ យោងតាមក្រសួងសុខានៅថ្ងៃទី១០ឧសភានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៦នាក់ ក្នុងនោះក៏មានឧបាសិការ ឯម ជា អាយុ ៧២ឆ្នាំ នៅខេត្តស្វាយរៀងផងដែរ។
ក្រៅពីនោះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានឲ្យដឹងថា ទីតាំងមួយចំនួនដូចជា កន្លែងលក់គុយទាវ បាញ់កាញ់ កែងខាងជើងផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត គិតចាប់ពីថ្ងៃទី២២មេសា ឆ្នាំ២០២១ មក, ទីតាំងវត្តពោធិ៍ថ្មី ហៅវត្តបាវិត គិតចាប់ពីថ្ងៃទី២៦មេសា ឆ្នាំ២០២១មក, គ្លីនិក លាង សុភាព ពិគ្រោះ និងព្យាបាលជំងឺទូទៅ គិតចាប់ពីថ្ងៃទី៧ឧសភា ឆ្នាំ២០២១ គឺមានជាប់ពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ធ្លាប់ពាក់ព័ន្ធផងដែរ។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលធ្លាប់ពាក់ពន្ធ័ជាមួយសព និងទីតាំងទាំងនោះ ហើយមានអការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ នៅទីតាំងអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។




