សម្តេចពិជ័យសេនា ទៀ បាញ់ ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម១០ថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន, ប្រជាជនជិត៤០ម៉ឺននាក់បានចាក់រួច
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនៃរាជធានីភ្នំពេញរយៈពេល១០ថ្ងៃមក នេះគឺបានប្រព្រឹត្តទៅដោយរលូនមិនមានឧបសគ្គអ្វីរារាំងនោះទេ។ចំនួនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង មានការកើនឡើងជាលំដាប់។គ្រូពេទ្យនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនិងតំបន់ទាំងឡាយដែល មានការចាំបាច់ឲ្យអស់។បើចាក់មិនអស់គឺមិនដកចេញទេ។តាមតួលេខប្រជាពលរដ្ឋនៅតំបន់ក្រហម ចំនួនជិត៤០ម៉ឺននាក់ ក្នុងចំនួនជាង៥២ម៉ឺននាក់ត្រូវបានចាក់រួចហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១០ ខែឧសភានេះថា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភាគឺបានប្រព្រឹត្តដោយរលូននិងពុំមានឧបសគ្គអ្វីរារាំង នោះទេ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថាចំពោះចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហមដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានចំនួនកើនឡើងជាលំដាប់ ហើយបើទោះបីជាចំនួននៃការចាក់វ៉ាក់សាំងមានការកើនឡើងយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនៅតែបំពេញការងារតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហមនិងតំបន់ទាំងឡាយដែល មានការចាំបាច់គឺចាក់ជូនឱ្យបានគ្រប់គ្នា។បើចាក់មិនអស់មិនដកចេញទេ។ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដំណើរការទៅមុខជានិច្ចអត់មានការដកថយទេ។
គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងសារជាសំឡេងកាលពីព្រឹកថ្ងៃទី៥ខែឧសភា ជម្រាបទៅសម្តេចពិជ័យសេនា ទៀ បាញ់ ,ឯកឧត្តម វង្សី វិសុទ្ធ ,លោកជំទាវ ឱ វណ្ណឌីន, ឯកឧត្តម ឥត សារ៉ាត់ ,ឯកឧត្តម ឃួង ស្រេង នោះ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងរបស់យើងនៅក្នុងតំបន់ ក្រហមគឺប្រព្រឹត្តទៅបានយ៉ាងល្អធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសកើនឡើងដល់ជាង១,៥លាននាក់ដែលត្រូវនឹង១៥ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្រាប់នៅខាងក្នុងតំបន់ក្រហមកន្លងទៅគណៈកម្មការចំពោះកិច្ចបញ្ជូនវ៉ាក់សាំងចំនួន៩០ម៉ឺនដូសជូនទៅកម្លាំងប្រដាប់អាវុធដែលបានចូលចាក់នៅក្នុងតំបន់ក្រហម។ប៉ុន្តែចំនួនតួលេខជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតំបន់នោះគឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់។នេះបើយោងតាមតួលេខដែលខ្ញុំបានទទួលហើយដែលយើងបានដឹងទាំងអស់គ្នា។ ប៉ុន្តែវ៉ាក់សាំងរបស់យើងមានត្រឹមតែ៩0ម៉ឺនដូសប៉ុណ្ណោះ។ប៉ុន្តែខ្ញុំសូមបញ្ជាក់ថានៅក្នុងតំបន់ក្រហមនេះប្រសិនបើមិនទាន់បានចាក់ប្រជាជនអស់យើងមិនដើរចេញនោះចោលប្រជាជនណាម្នាក់នោះទេ។ប៉ុន្តែខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាវ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ ម៉ឺននាក់នៅក្នុងតំបន់ក្រហមមិនខ្វះទេថ្ងៃទី ១១ខែឧសភានេះនឹងមកដល់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀតហើយនៅថ្ងៃទី១៥ឧសភាមកដល់៥០ម៉ឺនដូសនោះយើងនឹងមានចំនួនមួយលានដូសនៅក្នុងដៃបន្ថែមទៀត ។ ដូច្នេះខ្ញុំសុំស្នើទៅសម្ដេចពិជ័យសេនាបញ្ជាទៅអង្គភាពមិនត្រូវបញ្ចប់នូវដូសទី ១ ក្នុងថ្ងៃទី ១៥ ឧសភានោះទេ។ គឺដូសទី១ ទៅធ្វើយ៉ាងណាឱ្យហើយឲ្យអស់ប្រជាជននៅក្នុងតំបន់ក្រហមមិនថាប្រជាជនចំនួន ៥២ ម៉ឺននាក់នោះទេទោះបី៥៣ ៥៤ ឬ ៥៥ម៉ឹននាក់ក៏យើងនៅតែមានលទ្ធភាពចាក់ជូនប្រជាជន ។
យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន១.៧៧៣.៩៩៤ ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩៩.៦១៧នាក់៕
ដោយ : ពលជ័យ






