នាយឧត្តមសេនីយ៍ សៅ សុខា និងមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ធ្វើតេស្តរកកូវីដ១៩

ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង រួមទាំងមន្ត្រីអាវុធហត្ថនៃបញ្ជាការដ្ឋានកង រាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់នៅថ្ងៃទី១០ ខែឧសភា នេះ បានធ្វើតេស្តរកវិជ្ជមានកូវីដ១៩ដើម្បីជាការបង្ការទប់ ស្កាត់ការឆ្លងរាលដាលនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។បន្ទាប់ពីការធ្វើតេស្តរកមេរោគកូវីដ១៩នៅទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថលើផ្ទៃប្រទេសរួចហើយនោះ គឺមន្ត្រីអាវុធហត្ថនៅទូទាំងប្រទេសនឹងចាប់ផ្តើមធ្វើតេស្តទាំងអស់។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែឧសភានេះថា ជាវិធានការបង្ការទុកជាមុន ក្នុងការទប់ស្កាត់ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បន្ទាប់ពីអាវុធហត្ថបានធ្វើការផ្លាស់ប្តូរបន្ទាប់ពី ការបិទខ្ទប់មកចែកតំបន់ ហើយពីចែកតំបន់ធំ បង្រួមទៅជាតំបន់តូច ។តំបន់ក្រហម តំបន់លឿងទុំ តំបន់លឿង គឺកម្លាំងអាវុធហត្ថមួយចំនួនក៏បន្ថយតាមនឹងដែរ ទៅតាមទំហំនៃភារកិច្ច។ ដូច្នេះដើម្បីត្រួតពិនិត្យសុខភាពកម្លាំង អាវុធហត្ថទាំងអស់ក្នុងការរកឲ្យឃើញថា តើនៅក្នុងចំណោមកម្លាំងដែលកំពុងតែបំពេញភារកិច្ចសព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគកូវីដ១៩ ឬក៏អត់? ទោះបីជាចាក់វ៉ាក់សាំងហើយក៏ដោយ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការធ្វើតេស្តរកមេរោគកូវីដ១៩ នេះគឺចាប់ផ្តើមពីបញ្ជាការដ្ឋាន កងរាជអាវុធលើផ្ទៃប្រទេសហើយនឹងធ្វើនៅទូទាំងប្រទេសតែម្តង។លោកបន្តថាតាមរយៈការធ្វើតេស្តកាលពីព្រឹកថ្ងៃទី១០ ខែឧសភា រហូតមកដល់ល្ងាចនេះ មិនទាន់រកឃើញថា មានវិជ្ជមានកូវីដ១៩នៅឡើយទេ ។គឺអវិជ្ជមានទាំងអស់គ្នាចំពោះអ្នកដែលបានធ្វើតេស្តរួចហើយ។

ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ធ្វើ(តេស្ត)ទាំងអស់គ្នា។និយាយរួមចាប់ផ្តើមពី បញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេសមុនគេ ហើយមុនគេបំផុតនឹងគឺខ្ញុំធ្វើមុនគេតែម្តងហើយបន្ទាប់មកគឺមាន មេបញ្ជាការរង មាននាយទាហានរបស់កងរាជអាវុធហត្ថ អ្នកមានឋានៈ អ្នកមានតួនាទីសំខាន់ៗ គឺត្រូវធ្វើមុនយុទ្ធជន ហើយក៏យើងយកចំពោះមុខសញ្ញាមួយចំនួនក៏យកមកធ្វើមុនដែរ”។

សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែឧសភាកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៩.៧៤៣នាក់ , អ្នកជាសះស្បើយមានចំនួន ៧.៨២០នាក់ និងអ្នកស្លាប់មានចំនួន ១២៦ នាក់៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner