សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះពរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ខួប ៦៩ព្រះវស្សា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ សារលិខិត ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៨ យាងចូល៦៩ព្រះវស្សា។
ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បាន ដែលថ្វាយព្រះពរក្នុងនាមរាជរដ្ឋាភិបាល មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមសម្តេច ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចារចិត្តក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូតាធម៌ និង និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ និងមនុស្សធម៌របស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តក៏ដូចជាព្រះរាជកិច្ចការបរទេសរបស់ព្រះអង្គ ដែលបានចូលរួមចំណែកយ៉ាងវិសេសវិសាលក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និង ជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសិក្សាធិការសិល្បៈវប្បធម៌សាសនា និងសង្គម ហើយជាពិសេសព្រះអង្គតែងតែសព្វព្រះរាជហឬទ័យប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ជួយដល់វិស័យមនុស្សធម៌ និងសុខមាលភាពសង្គមព្រមទាំងជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រពីជំងឺ covid-19 និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្រ្តរយៈកាលកន្លងមក។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលលាភិរម្យថ្លៃថ្លានេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការ ទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធីបារមីខ្លាំងក្លាវត្ថុស័កសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រទេវតាថែរក្សាប្រាងប្រាសាទអង្គរវត្ត ទេវតាថែរក្សាឆ្នាំថ្មីឆ្នាំឆ្លូវត្រីស័ក ព្រះនាមមណ្ឌាទេវី និងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រហ្មព្រំសព្វសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនាព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជុន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូប នៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំ ថ្កុំថ្កើងរុងរឿង នៃមាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្ររបស់ព្រះអង្គ តរៀងទៅ និងព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕


