រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ថវិកាបន្ថែម ៤លានដុល្លារអូស្រ្តាលី ដើម្បីជួយស្តារឡើងវិញរបស់ប្រទេសកម្ពុជា ចំពោះជំងឺកូវីដ-១៩
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP នៅថ្ងៃទី១១ឧសភា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។
ថវិកានោះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី និង UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននិងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ គិតរហូតមកដល់បច្ចុប្បន្ននេះ មូលនិធិនោះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន២៩០លានដុល្លារអាមេរិកដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៦៩ម៉ឺន៣ពាន់គ្រួសារនៅកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។
អូស្ត្រាលី និង UNDP បានផ្ដល់ការគាំទ្រដល់កម្មមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើលទ្ធកម្មឧបករណ៍ថាប្លេតចំនួន១ពាន់៧០០គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរាប់សែនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។ មូលនិធិនោះ ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការបង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីផ្ដល់ព័ត៌មានសម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះសម្រាប់ជួយដល់អ្នកដែលងាយរងគ្រោះជាងគេ។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា អូស្ត្រាលី គឺជាប្រទេសដែលនាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះតាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ លោកបានបន្តថា អូស្ត្រាលី និង UNDP រួមគ្នាអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនោះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គមឲ្យបានឆាប់រហ័សដើម្បីឲ្យជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូ និងមិត្តភក្តិយូរអង្វែងរបស់ប្រទេសអូស្ត្រាលី គឺចង់ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនោះ ជាពិសេសផលប៉ះពាល់មកលើមនុស្សដែលងាយរងគ្រោះជាងគេ។
លោកឯកអគ្គរដ្ឋទូត បានបន្តថា តាមរយៈការសហការជាមួយនឹង UNDP អូស្ត្រាលីក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកលនេះ។ ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ ក្នុងអំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនោះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។



