ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកនៅឥណ្ឌារំពឹងថា នឹងអាចបន្តចែកចាយវ៉ាក់សាំងទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ
ឥណ្ឌា៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួនសង្ឃឹមបន្តចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ បន្ទាប់ពីឥណ្ឌាបានរឹតត្បិតការនាំចេញ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសឆ្លងនៅក្នុងប្រទេស ។
វិទ្យាស្ថានឥណ្ឌាសេរ៉ុម (SII) បានកំពុងផលិតវ៉ាក់សាំង AstraZeneca-Oxford រាប់រយលានដូស ដែលប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសប្រទេសក្រីក្រពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុននេះ ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងនេះ នៅពេលប្រទេសខ្លួនដែលមានប្រជាជន១.៣ពាន់លាននាក់បានជួបវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ដែលជំរុញអោយប្រព័ន្ធសុខាភិបាលដួលរលំ ។
ប្រទេសឥណ្ឌាបាននាំចេញវ៉ាក់សាំងជិត៦៦.៤លានដូស ជាជំនួយដែលស្ថិតក្រោមការរៀបចំពាណិជ្ជកម្ម ឬតាមរយៈគម្រោង COVAX ទៅកាន់ប្រទេសជាង៩០ មុនពេលការនាំចេញត្រូវផ្អាកកាលពីជាងមួយខែមុន ។ ការផ្អាកនេះបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាព GAVI ៕ ប្រភព៖ Reuters


