ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដុតបញ្ឆេះភាពតានតឹងនៅតំបន់ហ្គាហ្សា ក្រោយរាំងខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន
ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារ៍នេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹង ជុំវិញជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោយមហាអំណាចមួយនេះ បានរារាំងដល់សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់បទឈប់បាញ់គ្នាជាបន្ទាន់មួយជាលើកទី៣ ។
អ្នកនាំពាក្យក្រសួងការបទេសចិនលោក ចាវ លីជៀន បញ្ជាក់ថា ភាគច្រើននៃរដ្ឋសមាជិកអង្គការ UNSC បាននិងកំពុងអំពាវនាវឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីជៀសវាងវិបត្តិពេញបន្ទុកមួយ និងកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត ។ ប៉ុន្តែជាមួយគ្នានេះ អាមេរិកផ្ទុយពីកិច្ចខិតខំប្រឹងបញ្ឈប់វិបត្តិ បែរជាជ្រើសរើសនូវការជំរុញភាពតានតឹងដោយគ្រាន់តែសំឡេងជំទាស់ បង្កើតបានជាបញ្ហារាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ។ លោក ចាវ បានសង្កត់ធ្ងន់ថា ជំនួសឲ្យគិតតែលើផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុងលើបញ្ហានេះ អាមេរិកគួរធ្វើការជាមួយសហគមន៍អន្តរជាតិ ចែករំលែកឲ្យកម្តៅនៃភាពតានតឹងថយចុះ និងគាំទ្រដល់តួនាទីអង្គការ UNSC ក្នុងការដោះស្រាយជម្លោះ និងកសាងទំនុកចិត្តជាថ្មី ។
គួរបញ្ជាក់ផងដែរថា ដឹកនាំដោយប្រទេសចិន ន័រវែស និងទុយនេស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីស្ថានភាពនៅហ្គាហ្សា ។ ទោះយ៉ាងណា ដោយមានការប្រឆាំងពីអាមេរិក កិច្ចប្រជុំនោះ បញ្ចប់ជាថ្មីម្តងទៀត គ្មានបានផ្លែផ្កាអ្វីសំខាន់សោះ ៕ ប្រភព៖ CGTN


