ផ្លូវបេតុងប្រវែងជាង៦គីឡូម៉ែត្រ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលជាអំណោយរបស់សម្តេចតេជោ បាននឹងកំពុងស្ថាបនា សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់
ផ្លូវ និងស្ពាន គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ។ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវមួយខ្សែ ដែលតភ្ជាប់ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀតនៃ តាមបណ្តោយមាត់ទន្លេមេគង្គ ប៉ែកខាងលិចស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ស្ថិតនៅចំណុចភូមិអូរត្រែល ភ្ជាប់ទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ។
មានប្រសាសន៍ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ផ្លូវមួយខ្សែនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្ត និងស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តថា ផ្លូវមួយខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅសិក្សានៅសាលារៀននាថ្ងៃខាងមុខ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ គឺបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ បើទោះបីស្ថិតនៅក្នុង បរិបថ នៃការរីករាលដាលជម្ងឺកូវីដ-១៩យ៉ាងណាក្តី ក៏រាជដ្ឋាភិបាលនៅតែបន្តខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។
ក្នុងសកម្មភាពចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់ក្រុមការងារស្ថាបនាផ្លូវ ត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនា ឲ្យបានលឿន និងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យការប្រើប្រាស់ផ្លូវបានយូអង្វែង ។
សូមបញ្ជាក់ផងដែរៈផ្លូវកំពុងស្ថាបនាមួយខ្សែនេះ ជាប្រភេទផ្លូវបេតុង មានប្រវែង៦០៣០ម៉ែត្រ និងទទឹង៥ម៉ែត្រ មានដាក់លូមូលចំនួន១៦កន្លែង លូប្រអប់ចំនួន២កន្លែង និងស្ពានធំៗ២កន្លែង ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ក្រោមគម្រោងគ្រប់គ្រងគ្រោះមន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ៕ដោយ៖ ម៉ា វិន






