ជយោ!មិត្តភាពចិន និងកម្ពុជា ស្វាគមន៍ផ្លែស្វាយស្រស់កម្ពុជា មកកាន់ប្រទេសចិន!
(ប៉េកាំង)៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានបើកសម្ពោធការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា មើលទៅវាហាក់ដូចជាគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផ្លែស្វាយប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញនូវមិត្តភាពរវាងចិន និងកម្ពុជា ដែលមានភាពជិតស្និទ្ធដូចបងប្អូន។
នៅក្នុងបរិបទជំងឺកូវីដ១៩ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជា បានពុះពារឧបសគ្គជាច្រើន និងតាមវិធីត្រួតពិនិត្យគុណភាពតាមប្រព័ន្ធវីដេអូ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព ។ កិច្ចសហប្រតិបត្តិការនេះ បានបំពេញតម្រូវការទីផ្សារក្នុងស្រុកចិន។ ម្យ៉ាងវិញទៀត វាពិតជាបានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរ ដើម្បីរួមគ្នាចេញផុតពីវិបត្តិជំងឺកូវីដ១៩ ដែលបានទទួល យកចិត្តទុកដាក់ខ្ពស់ និងការសាទរយ៉ាងកក់ក្តៅពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។
លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា – ចិន បានថ្លែងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់កសិករដាំផ្លែឈើ និងបានជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ពាណិជ្ជករលក់ផ្លែស្វាយកម្ពុជាបានថ្លែងថា ខ្ញុំបានទៅខេត្ត Yunnan ប្រទេសចិនដើម្បី ចូលរួមពិព័រណ៍ចិនខាងត្បូងជាច្រើនដង ហើយបានមើលឃើញថា ចិនមានទីផ្សារធំ ខ្ញុំតែងតែមានគោលបំណងនាំយកផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន។ ទីបំផុត ផ្លែស្វាយស្រស់របស់កម្ពុជាបានចូលទីផ្សារចិនជាផ្លូវការហើយ នេះគឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស្វាយ របស់យើង។
លោក Zhu Yongli អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផ្លែឈើនៅទីក្រុងសៀងហៃបានថ្លែងថា ផ្លែស្វាយកម្ពុជាអាចបំពេញ «រយៈពេលទំនេរ» ក្នុងទីផ្សារផ្លែស្វាយ របស់ប្រទេសចិន ដែលឱ្យប្រជាជនចិនអាចបរិភោគផ្លែស្វាយស្រស់ពេញមួយឆ្នាំ។ អ្នកប្រើអ៊ីនធឺណេតចិនបានបង្ហោះសារថា៖ (ផ្លែស្វាយកម្ពុជា)មានគុណភាពល្អ និងតម្លៃថោកសមរម្យ ឆ្នាំនេះ ពេលវេលាអាចញ៉ាំផ្លែស្វាយយូរជាងឆ្នាំមុន!
ជយោ!មិត្តភាពចិន និងកម្ពុជា! ស្វាគមន៍ផ្លែស្វាយកម្ពុជាមកកាន់ប្រទេសចិន!៕






