រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ព្រៃវែង, កំពង់ឆ្នាំង និងព្រះរាជអាជ្ញាខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។ ពិធីនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងទីតាំងទូលាយ មិនបិទជិត ដោយគោរពទៅតាមវិធានការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
មន្ត្រីក្នុងវិស័យតុលាការ ដែលត្រូវប្រកាសតែងតាំង និងចូលកាន់មុខតំណែងរួមមាន៖
១៖ ឯកឧត្តម សេង ស៉ីវុត្ថា ជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួសឯកឧត្តម យូ ប៊ុនឡេង ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល
២៖ ឯកឧត្តម ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត ផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ
៣៖ ឯកឧត្តម ហង់ ស៉ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ទេរមកជាប្រធានសាលាដំបូងខេត្តព្រៃវែង
៤៖ ឯកឧត្តម គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង
៥៖ ឯកឧត្តម គុជ គីមឡុង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្រសួងយុត្តិធម៌ដែលជាសេនាធិការអោយរាជរដ្ឋាភិបាលបាននិងដឹកនាំការដ្ឋានកំណែទម្រង់ច្បាប់និងយុត្តិធម៌ដែលក្នុងនោះរួមមាន៖ ក្រមព្រហ្មទណ្ឌ ក្រមនិតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេនីនិងក្រមនិតិវិធីរដ្ឋប្បវេនី ព្រមទាំច្បាប់គោលទាំង៣របស់វិស័យយុត្តិធម៌រួមមាន ៖ច្បាប់ស្តីពីការរៀបចំអង្គកាតុលាការ ច្បាប់ស្តីពីលក្ខណត្តិកះនៃអង្គចៅក្រមនិងព្រះរាជអជ្ញារ និងច្បាប់ ស្តីពីការរៀបចំប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនិងច្បាប់លិខិតបទដ្ឋានគតិយុត្តជាច្រើនផ្រេងទៀត។ ឯឧ បន្តទៀតថា ការតែងតាំងផ្លាស់ប្តូរនិងផ្ទេរភារកិច្ចកាន់មុខតំណែងរបស់ចៅក្រមនិងព្រះរាជអជ្ញារនៃអយ្យការគឺជារឿងធម្មតា ក្នុងគោលបំណងដើម្បីធានាអោយមានកិច្ចដំណើរការកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកំពស់ការបម្រើយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពមិនលម្អៀងភាពត្រឹមត្រូវនិងភាពយុត្តិធម៌។
ក្នុងឱកាសនោះឯឧ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។ ឯកឧត្តម កើត រិទ្ធ បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត អនុវត្តឲ្យមានភាពត្រឹមត្រូវ លឿន និងមិនពុករលួយ៕














