ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់បន្ថែមទៀត
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២០ឧសភានេះបានឲ្យដឹងថា ក្នុងថ្ងៃ១៩៨ឧសភា ខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៥២នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានបន្តថា ការរកឃើញនោះ បន្ទាប់ពីរដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៦១២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥២នាក់។
ក្នុងនោះចំណោមអ្នកឆ្លងទាំង៥២នាក់នោះ មាន៥១នាក់គឺជាកម្មករ កម្មការិនីរោងចក្រ និងម្នាក់ទៀតគឺជាប្រជាពលរដ្ឋ។ អ្នកវិជ្ជមានកូវីដ-១៩ទាំង៥២នាក់នោះ មាននៅស្រុកបាធាយចំនួន៩នាក់, ស្រុកជើងព្រៃ២៨នាក់, ស្រុកព្រៃឈរ១២នាក់, កម្មករខេត្តកំពង់ធំម្នាក់, កម្មករមកពីខេត្តកណ្តាលម្នាក់ និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាសម្នាក់។
ជំងឺទាំង៥២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៥២នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។


