រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយនៅក្នុងចក្រភពអង់គ្លេស
អង់គ្លេស៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខុក បានប្រាប់សមាជិកសភាថា រហូតមកទល់ពេលនេះ វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាប្រមាណ២ពាន់៩៦៧ករណីហើយត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស ។
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសរូបនេះបន្ថែមថា ភ័ស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ គឺអាចចម្លងខ្លាំងជាងវីរុសដទៃទៀត ។ ក្រុមអ្នកវិទ្យាសាស្រ្តអង់ គ្លេសក៏បានទទួលស្គាល់ដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាមានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត ។
លោក ម៉ាត ហានខុក បានសង្កត់ធ្ងន់ថា នៅទីក្រុង Bolton និង Blackburn ដែលជាកន្លែងវីរុសបំប្លែងខ្លួនភាគច្រើនត្រូវបានគេកត់ត្រា ការចាក់វ៉ាក់សាំងដល់ប្រជាជន២ម៉ឺន៦ពាន់៩៤នាក់ និង ការធ្វើតេស្តលើមនុស្ស៧ម៉ឺន៥ពាន់នាក់បន្ថែមទៀតត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ។ ការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បានបង្កឲ្យមានការភ័យខ្លាចថា ផែនការរបស់អង់គ្លេសក្នុងការចាកចេញពីវិធានការរឹតត្បិតជំងឺកូវីដ១៩អាចត្រូវបានពន្យារពេល ៕ ប្រភព៖ Sky News



