លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម អោយចូលជាច្បាប់ជាផ្លូវការហើយ (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្រេចចុះហត្ថលេខាលើ ច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម «Hate Crimes Act» ដើម្បីអោយក្លាយជាច្បាប់ជាផ្លូវការហើយ ខណៈច្បាប់ថ្មីនេះ មានគោលដៅប្រឆាំងនឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ។
ថ្លែងនៅឯសេតវិមាន អំឡុងពិធីចុះហត្ថលេខាខាងលើនេះ លោក ចូ បៃដិន បានបញ្ជាក់ថា «សាររបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា ដែលកំពុងរងការឈឺចាប់, យើងកំពុងសម្លឹងមើលអ្នក ហើយសភាទាំងពីរក៏បាននិយាយដែរថា យើងកំពុងសម្លឹងមើលអ្នក… យើងបានប្ដេជ្ញាចិត្តបញ្ឈប់រាល់អំពើស្អប់ខ្ពើម និងទង្វើរើសអើង ឬលម្អៀងទាំងឡាយ»។
សូមរំលឹកផងដែរថា សភាតំណាងរាស្រ្តអាមេរិកកាលពីដើមសប្ដាហ៍នេះ បានអនុម័តលើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ដើម្បីប្រឆាំងនឹងការកើនឡើងការរើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី បន្ទាប់ពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីពេលថ្មីៗ ។ ច្បាប់ថ្មីនេះដែរ នឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិក ផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម ៕ ប្រភព៖ Reuters

