លោក ចូ បៃដិន សាទរបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងសាទរចំពោះបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកបានសន្យាផ្តល់ជំនួយមនុស្សធម៌ និងធ្វើការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ។
លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមាន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចូលជាធរមានថា សហរដ្ឋអាមេរិកនឹងធ្វើការតាមរយៈអង្គការសហប្រជាជាតិ និងអ្នកចូលរួមចំណែកអន្តរជាតិដទៃទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏ឆាប់រហ័ស ក៏ដូចជាកៀរគរការគាំទ្រអន្តរជាតិសំរាប់ប្រជាជននៅហ្គាហ្សាក្នុងការងារសាង់សង់តំបន់នេះឡើងវិញ ។ តែលោកអះអាងថា ជំនួយសាងសង់ឡើងវិញនឹងត្រូវផ្តល់ដល់អាជ្ញាធរប៉ាឡេស្ទីន មិនមែនជាមួយក្រុមហាម៉ាស់ ដែលអាមេរិកចាត់ទុកជាក្រុមភេវរកម្មទេ ។ បន្ថែមលើនេះ លោក បៃដិន ក៏បានសន្យាបន្ថែមប្រព័ន្ធការពារកាំជ្រួច Iron Dome របស់អ៊ីស្រាអែល បើទោះជាមានការតវ៉ាពីគណបក្សសាធារៈណរដ្ឋ អំពីការលក់សព្វាវុធរបស់អាមេរិកទៅអោយអ៊ីស្រាអែល ។
សូមបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ជាផ្លូវការ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមដែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន២៣២នាក់ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៊ីស្រាអែល ។ បទឈប់បាញ់ខាងលើសម្រេចបានក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់ ៕