លោក ចូ បៃដិន ហៅភាពជាដៃគូរវាងអាមេរិក-កូរ៉េខាងត្បូងថា ជាខ្សែការពារសន្តិភាព ហើយប្តេជ្ញារកវិធីសាស្រ្តរួមគ្នាចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅភាពជាដៃគូរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងថា ជាខ្សែការពារសន្តិភាព និងសន្តិសុខ ហើយសន្យាថា នឹងស្វែងរកវិធីសាស្រ្តរួមគ្នា ចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង ។
លោក ចូ បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងធ្វើសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ូន នៅឯសេតវិមានថា វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការធ្វើឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង ក្រោយបានពិភាក្សាជាមួយលោក មូន ចេអ៊ីន ។
លោក បៃដិន បានបន្ថែមទៀតថា នៅក្នុងកិច្ចពិភាក្សារបស់លោក និងលោក មូន នៅឯសេតវិមាន គឺអ្នកទាំងពីរបានពិភាក្សាគ្នាអំពីសេរីភាព នៃការធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រចិនខាងត្បូង ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់ ។ បន្ថែមលើនេះ លោក មូន ចេអ៊ីន ក៏បានហៅការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េថា ជាកិច្ចការរួមបន្ទាន់បំផុត ៕ ប្រភព៖ CNA