រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១០៣នាក់ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ចំនួន១០៣នាក់ ដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃទី ២៣  ខែឧសភា  ឆ្នាំ២០២១ ។

លោកបណ្ឌិតកែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភា ថា ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ចំនួន៥១២នាក់ ក្នុងនោះមានស្រី២៦៥នាក់ ឯអ្នកស្លាប់មានចំនួន៥នាក់។ ក្នុងចំណោមអ្នកឆ្លងចំនួន៥១២នាក់នោះ មានអ្នកជាសះស្បើយចំនួន៣៥៩នាក់ ស្រីចំនួន១៤៤នាក់ ស្លាប់ចំនួន៥នាក់ ស្រី២នាក់ និងកំពុងព្យាបាលជំងឺចំនួន១៤៧នាក់ ស្រី១១៩នាក់។

លោកបណ្ឌិត បានបន្តទៀតថា អ្នកជំងឺចំនួន១៤៧នាក់នោះ កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន២៤នាក់ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន១៥នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ‑១៩ ក្រុបាវិតចំនួន១០៨នាក់។

លោកបានបន្តថាចំនួនអ្នកឆ្លងកូវីដ១៩កើនឡើងនេះមានការពាក់ព័ន្ធជាមួយបុរសម្នាក់ជាអ្នករកស៊ីដឹកបន្លែពីខេត្តស្វាយរៀងទៅផ្សារដើមគរ រាជធានីភ្នំពេញ ហើយបានឆ្លងជំងឺកូវីដ១៩ ដល់ប្រពន្ធធ្វើការនៅរោងចក្រយូលី១ តំបន់សេដ្ចកិច្ចពិសេសសានតុង ក្រុងបាវិត។

លោកបណ្ឌិត កែរ រដ្ឋា បានបន្តថា មូលហេតុដែលរកឃើញអ្នកជំងឺកូវីដ១៩ នេះខណៈពេលដែលបុរសជាប្តីកម្មករនោះគាត់មានបញ្ហាសុខភាព បានទៅពិនិត្យនៅមន្ទីរពេទ្យជីភូ ហើយបាន ទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក មីស្ទ័រសូ។ លុះដល់រកឃើញមានវិជ្ជមានទើបក្រុមការងារ បានយកប្រពន្ធគាត់ជាកម្មករធ្វើការនៅរោងចក្រ «យូលី» ទៅធ្វើតេស្តក៏មានវិជ្ជមានដូចគ្នា ហើយក្រុមការងារក៏បានបន្តស្រាវជ្រាវដល់រោងចក្រតែម្តង។

លោកបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយបុរសដែលជាអ្នករកស៊ីដឹកបន្លែ និងប្រពន្ធដែលជាកម្មកររោងចក្រ ត្រូវប្រញាប់រួសរាន់មកធ្វើតេស្តរកជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលានិងរួមគ្នាអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធាន «៣ការពារ និង៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះជាដើម៕នុត នាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner