ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មានកិច្ចការស្នូល៣ សម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា កិច្ចការចំនួន៣ ជាស្នូលសម្រាប់នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី។

ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្តាំផ្ញើថា មានភារកិច្ច៣ សម្រាប់នាយស្ថាប័នមេបញ្ជាការ និងនាយសេនាធិការថ្មី។ ក្នុងនេះ ទី១. រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមុនដែលបានកសាង, ទី២. កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងទី៣.បន្តសមិទ្ធផលទាំងនេះ ដើម្បីរៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន។

ឯកឧត្តម បានបន្ថែមថាក្រៅពីភារកិច្ចជាក់ស្តែងជាច្រើនទៀតកិច្ចការទាំងបីនេះ គឺជាទិសដៅស្នូលសំខាន់សម្រាប់មេបញ្ជាការ គ្រប់ជំនាន់ទាំងអស់ នៅក្នុងការចូលរួមពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ។ លោកបង្ហាញនូវក្តីសង្ឃឹមថា នាយស្ថាប័ន មេបញ្ជាការ និងនាយសេនាធិការថ្មី នឹងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អជាមួយថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងស្ថាប័ន-កងឯកភាព បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារឱ្យបានកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗកាន់តែប្រសើរឡើងថែមទៀត សំដៅទៅរកសកម្មភាពរបស់កងទ័ព ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ ថាក្នុងរយៈកាលកន្លងមកនេះ កងទ័ពបានក្លាយជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមសូមណែនាំដល់បណ្តាស្ថាប័ន-កងឯកភាព បន្តយកចិត្តទុកដាក់ក្នុងកិច្ចការ និងភារកិច្ចចំពោះមុខដ៏សំខាន់ចាំបាច់នេះ តាមរយៈការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលនៅក្នុងអង្គភាព ដើម្បីការពារកងកម្លាំងរបស់យើង និងគ្រួសារ ក៏ដូចជាសហគមន៍ និងត្រៀមខ្លួនបន្តចូលរួមជាមួយរាជរដ្ឋាភិបាល, អាជ្ញាធរដែនដីរាជធានី-ខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពបំផុត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរបណ្តាស្ថាប័ន-កងឯកភាពដែលកន្លងមកបានគ្រប់គ្រងកម្លាំង បានល្អ ដោយអនុវត្តវិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួនធ្វើឱ្យអត្រានៃករណីឆ្លងនៅក្នុងជួរយោធិន មានអត្រាទាប បើធៀបទៅនឹងសមាមាត្រនៃសន្ទុះនៃការរីករាលនៅទូទាំងប្រទេស៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner