អភិបាលខេត្តកែប៖ ការពង្រីកហេដ្ឋារចនាផ្លូវឲ្យធំៗជាយុទ្ធសាស្រ្តក្នុងការជំរុញការអភិវឌ្ឍឲ្យខេត្តកែបក្លាយជាខេត្ត សម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់

កែប៖ ឯ ឧ សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានថ្លែងថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តដែលធ្លាប់តែលំបាកនិងមានសភាពតូចចង្អៀតឲ្យក្លាយជាផ្លូវដែលល្អនិងធំៗងាយស្រួលធ្វើដំណើរជាយុទ្ធសាស្រ្តមួយផ្នែកក្នុងការអភិវឌ្ឍប្រែក្លាយឲ្យខេត្តកែប ក្លាយជាខេត្តសក្តានុពលទេសចរណ៍ សម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់នៅពេលខាងមុខ។

ការថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដែល ឯ ឧ សោម ពិសិដ្ឋ ដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានសាងសងផ្លូវក្រាលកៅស៊ូប្រភេទDBSTមួយខ្សែដែលមាន៣៥០០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ ទី២៥ ខែ ឧសភា ឆ្នាំ២០២១។ ឯ ឧ បានគូបញ្ជាក់ទៀតថា ដើម្បីឲ្យខេត្តកែប សម្រេចបានតាមផែនការឲ្យខេត្តកែប ក្លាយជាខេត្តសម្រាកលំហែកាយល្អប្រណិតកម្រិតខ្ពស់ តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៅពេលខាងមុខបាននោះ គឺ រដ្ឋាបាលខេត្តនិងខិតខំបន្តស្វែងរកថវិកាពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តឲ្យធំៗ ពិសេស រៀបចំសោភ័ណ្ឌភាពតាមដងផ្លូវ ដោយមានការដាំដើមឈើ និងបំពាក់នៅអំពូលភ្លើង ដើម្បីលម្អរជាការទាក់ទាញផងដែរ។

ឯ ឧ បានអះអាងទៀតថា ការពង្រីកផ្លូវឲ្យធំៗល្អប្រកបដោយស្តង់ដារ សម្រាប់ខេត្តកែបទាំងមូល មិនត្រឹមតែរួមចំណែកជួយប្រែក្លាយឲ្យជាខេត្តសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ធំកម្រិតពិភពលោក ដូចជាការការប្រណាំងកង់ដែលរៀបចំដោយក្រសួងទេសចរណ៍ និងការទទួលធ្វើជាម្ចាស់ផ្ទះប្រភេទកីឡាទ្រីយ៉ាងត្លុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ការចុះពិនិត្យមើលរបស់ ឯ ឧ សោម ពិសិដ្ឋ អភិបាល ខេត្តកែប លើការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ជាង ៣ គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ ទី២៥ ខែ ឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងជំរុញ ការស្ថាបនាឲ្យបានត្រឹមត្រូវប្រកបដោយគុណភាព ស្របតាមលក្ខណៈបច្ចេកទេស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner