រដ្ឋបាលរាជធានីដាស់តឿនការពង្រឹងវិធានការបង្កាអនាម័យ គ្រាដែលការផ្ទុះបន្តមានតាមកន្លែងខ្លះ (Video Inside)
ការផ្ទុះឆ្លងក្នុងតំបន់មួយចំនួនដែលធ្វើឲ្យរាជធានីមិនទាន់អាចស្រាកស្រានបាននូវជម្ងឺកូវីដ១៩ បានជម្រុញឲ្យអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាស់តឿនមន្ត្រីអាជ្ញាធរខណ្ឌ ដែលមានតំបន់បិទខ្ទប់ជាតំបន់លឿងទុំ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុតនូវវិធានការបង្កានិងទប់ស្កាត់ការឆ្លងកូវីដ១៩។
លោកអភិបាលរាជធានី បានប្រាប់មន្ត្រីក្រោមបង្គាប់ត្រូវដានការអនុវត្តវិធានការទប់ស្កាត់និងបង្កានេះ នៅតាមទីផ្សារដែល ជាតំបន់មានការជួបជុំមនុស្សច្រើនជារៀងរាល់ថ្ងៃ។ រាជធានីភ្នំពេញ ក្រោយការលុបចោលតំបន់ក្រហម បានដាក់ដំណើរការអាជីវកម្មតាមទីផ្សាររដ្ឋសាឡើងវិញ និងការដកចេញនូវបំរាមគោចរថែមទៀតនោះ សេចក្តីរាយការណ៍ជុំវិញការផ្ទុះឆ្លងថ្មី ត្រូវគេឃើញបានកើតឡើងតាមខណ្ឌមួយចំនួន។
សេចក្តីរាយការណ៍បានបង្ហាញថា តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺឆ្លងសាជាថ្មីនេះ មានផ្នែកខ្លះ នៃខណ្ឌសែនសុខ, នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ, នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី, ភូមិឫស្សីទី២, ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ក្នុងខណ្ឌមានជ័យនោះ ជាដើម។